ភ្នំពេញ៖ ដោយដកពិសោធន៍ ពីប្រេសិតពិសេសអាស៊ាន អាណត្តិមុន ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ការស្នើរសុំជួប លោកស្រី អ៊ុង សានសូជី ជាបញ្ហារាំងស្ទះ ដល់ដំណើរការរបស់ ប្រេសិតពិសេសអាស៊ាន ដូច្នោះកម្ពុជា មិនដើរតាមផ្លូវដដែលនេះទៀតនោះទេ ព្រោះកម្ពុជាយល់ច្បាស់ ហើយត្រូវធ្វើការ មួយជំហានម្ដងៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់បេសកកម្ម នៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ លោកប្រាក់ សុខុន បានលើកឡើងថា «បញ្ហាសំណើរសុំជួប លោកជំទាវ អ៊ុង សានសូជី បញ្ហានេះដែលធ្វើឱ្យរាំងស្ទះ ដល់ដំណើរការទស្សនកិច្ចរបស់ប្រេសសិតពិសេសមុន គឺរដ្ឋមន្រ្តីការបរទេសប្រ៊ុយណេ។ យើងមើលឃើញថាបញ្ហានេះគឺបញ្ហាខ្ទាស់ នៅដំណើរការទៅមុខ នៃការងាររបស់ប្រេសិតពិសេសហើយ យើងទៅអាកន្លែងដដែលនឹងទៀតឬក៏យ៉ាងមិច? បើគេសង់ជញ្ជាំងក្រាស់ហើយ យើងយកក្បាលទៅជល់កន្លែងនឹងទៀតក៏វាមិនបានប្រយោជន៍អ្វីដែរ»។
ប្រមុខការទូតកម្ពុជា ក៏បានឱ្យដឹងផងដែរថា នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏មិនធ្លាប់បានដាក់សំណើរ សុំជួបលោកស្រី អ៊ុង សានសូជី ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតដែរ ក្រៅពីរដ្ឋាភិបាលដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា បានប្រកាន់អភិក្រមផ្សេង ក្នុងការឈានឆ្ពោះទៅសម្រេចកិច្ចព្រមព្រៀង៥ចំណុច ដែលបានឯកភាពគ្នាពីសំណាក់សមាជិកអាស៊ាន។
លោក ប្រាក់ សុខុន សង្កត់ធ្ងន់ថា «កុំថាឡើយជួបជាមួយលោកជំទាវអ៊ុង សានសូជី សូម្បីតែភាគីពាក់ព័ន្ធផ្សេងៗទៀតក៏មិនបានស្នើរសុំជួបនោះដែរ……ព្រោះកម្ពុជា យល់ច្បាស់ហើយត្រូវធ្វើមួយជំហានម្ដងៗ»។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ធ្វើ ដំណើរ ទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា រយៈ២ថ្ងៃ ដើម្បីធ្វើជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពជូនដល់ប្រជាជន និង ប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះ បានកំពុងវឹងវរខ្លាំងក្រោយពីរបប យោធាមីយ៉ាន់ម៉ា គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង បានចាប់ខ្លួន លោកស្រី អ៊ុងសាន ស៊ូជី អតីត ទីប្រឹក្សារដ្ឋរបស់ ប្រទេសនេះទៅ ធ្វើការ ឃុំឃាំង ដោយ ចោទប្រកាន់ ពីបទ អំពើពុករលួយ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ៕