ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈដើម្បីរិះរកមធ្យោបាយ កសាងអនាគតរួមគ្នា ដែលប្រកបដោយបរិយាប័ន្ន ភាពធន់ និងវិបុលភាព”។
ប្រមុខការទូតកម្ពុជា បានលើកឡើងបន្ថែមថា “គំនិតផ្តួចផ្តើម ឥណ្ឌូប៉ាស៊ីហ្វិកទាំងឡាយ គឺអាចនាំមកនូវសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេង ដល់យ៉ាងហោចណាស់ ពាក់កណ្តាលនៃចំនួនប្រជាជនសរុប លើពិភពលោក”។
លោក ប្រាក់ សុខន បញ្ជាក់ទៀតថា “វត្តមាន និងការប្តេជ្ញាចិត្តរបស់មិត្តភក្តិ នៅអឺរ៉ុបរបស់យើងនឹងចូលរួមចំណែក យ៉ាងសំខាន់ដល់ភាពរុងរឿង នៃតំបន់នេះ ហើយជាការពិត អឺរ៉ុប ក៏នឹងអាចទាញយក ផលប្រយោជន៍ ពីកត្តានេះផងដែរ”។