នយោបាយ

បអត្ថាធិប្បាយ​ ៖ តួនាទីកាន់តែសកម្ម សំខាន់និងសារវន្ត របស់ប្រទេសចិន នៅក្នុងCOP15

ដើម្បីបន្តភក្តីភាព ចំពោះសហគមន៍រួមជីវិត ដែលជាហ្សែនរបស់ជនជាតិចិន មិនតិចជាងពីរពាន់ឆ្នាំ លើសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដែលកាលពី២៧០០ឆ្នាំមុន ឡៅជឺ ដែលជាស្ថាបនិកលទ្ធិតាវ បានលើកឡើងថា តាវប្រតិបត្តិតាមធម្មជាតិ ដែលមានន័យថា ដំណើរនៃអ្វីគ្រប់យ៉ាង ត្រូវគោរព តាមក្រឹត្យ ក្រមធម្មជាតិ ។ មនុស្សនិងធម្មជាតិ គឺជាតួអង្គរួម ដែលមិនអាចបំបែកបាន ។ បុព្វបុរសចិន បានសង្ខេបនូវស្មារតី នៃការរួម បញ្ចូលគ្នា ទៅវិញទៅមក ដោយបានចែងថា អ្វីៗទាំងអស់ កើតចេញមកជាមួយគ្នា ដោយមិនបំផ្លាញ គ្នាទៅវិញទៅមក ហើយតាវដើរស្របគ្នា មិនប៉ះទង្គិចគ្នា នោះគឺ «អរិយធម៌អេកូឡូស៊ី»។
អរិយធម៌នេះ បានក្លាយជាគោលដៅច្បាស់លាស់ របស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន នៅក្នុងការធានា ថែរក្សា ការអភិរក្សជីវចម្រុះ ជាសកល ។ ប្រទេសចិនបានធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច មិនអាចប្រើប្រាស់ធនធានធម្មជាតិ ដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ហើយការអភិរក្ស អេកូបរិស្ថាន ក៏មិនមានន័យថា ត្រូវលះបង់ចោល ការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។

ដើម្បីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាពរបស់ភពផែនដី ជូនដល់អ្នកជំនាន់ក្រោយ ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំ ដំណាក់កាលទី២ នៃមហាសន្និបាតភាគី ហត្ថលេខីលើកទី១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) ប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី ៖ការកសាងអនាគតរួមគ្នា សម្រាប់ជីវិតទាំងអស់នៅលើផែនដី» គឺជាសន្និសីទសកលលើកដំបូង គេបង្អស់ ដែលត្រូវបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ (UN) ដោយផ្តោតលើអរិយធម៌អេកូឡូស៊ី ក្រោមសំណើរបស់ប្រទេសចិន ។
ប្រទេសចិនបានផ្តល់ផែនការខ្លួន ដល់ការអភិរក្សជីវចម្រុះជា សកលក្រោមប្រធានបទ «ខ្សែបន្ទាត់ក្រហមអភិរក្ស អេកូឡូស៊ី» នៅជ្រុងប្រទេសចិន។ ប្រព័ន្ធខ្សែបន្ទាត់ក្រហមនៃការអភិរក្ស អេកូឡូស៊ីក្នុងដំណើររុក រកអភិរក្សបរិស្ថាន ហើយខ្លឹមសារស្នូល នៃខ្សែបន្ទាត់ក្រហមក្នុងការអភិរក្សអេកូឡូស៊ី គឺការពារតំបន់សំខាន់ៗ នៃជីវចម្រុះ ខណៈដែលធានា បាននូវការផលិត និងជីវភាពរស់នៅ របស់ពលរដ្ឋក្នុងតំបន់នោះ។
តាមរយៈការអនុវត្ត គោលនយោបាយ និងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់ សកម្មភាពមនុស្ស ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានអេកូឡូស៊ី ក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិង របៀបរស់ដើម នៅរបស់ពលរដ្ឋផង ។ ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌ បៃតងនិងសម្រេចបាននូវការរួមរស់ ជាមួយគ្នាប្រកបដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ។

ដើម្បីបង្កើនពុទ្ធិនិងបទពិសោធន៍ កាន់តែទូលំទូលាយដល់សហគមន៍ អន្តរជាតិអំពីជ្រុងប្រទេសចិន ដោយប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញ ទំហឹងក្នុងការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការ និងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹង ដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅ របស់ប្រជាជន ។ ជ្រុងប្រទេសចិន បានរំលេចចេញយ៉ាងច្បាស់ នូវសមិទ្ធផលនានា របស់ប្រទេសចិន ជូនដល់ពិភពលោក កាលពីថ្ងៃទី៧ ខែធ្នូ នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ដោយបានគូសបញ្ជាក់ថា ជ្រុងប្រទេសចិន បានបើកបង្អួច សម្រាប់ពិភពលោក ឈ្វេងយល់កាន់ តែស៊ីជម្រៅ អំពីការអនុវត្តប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល របស់ចិនក្នុងការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ។ ការអភិរក្ស អេកូឡូស៊ី របស់ប្រជាជនចិន ប្រៀបដូចជាការថែទាំកែវភ្នែកទាំងគូ របស់ខ្លួន ហើយការការពារបរិស្ថានអេកូឡូស៊ី របស់ប្រជាជនចិន ប្រៀប ដូចជាការថ្នាក់ថ្នម អាយុជីវិតរបស់ខ្លួនផងដែរ ដែលនាំឱ្យជ្រុងប្រទេសចិន ជាវេទិកាវិទ្យាសាស្រ្តចំហ ស្តីពីអរីយធម៌អេកូឡូស៊ីដែលប្រទេសចិនរីករាយ ក្នុងការចែករំលែកបទពិសោធន៍ របស់ខ្លួនជាមួយប្រទេសនានាផងដែរ ។

ដើម្បីផ្តល់សក្ខីកម្ម កាន់តែប្រត្យក្ស ប្រទេសចិនបានក្លាយជាប្រទេស ដែលមានផ្ទៃដីដាំដើមឈើច្រើនជាងគេ នៅក្នុងពិភពលោក ដែលត្រូវជា២៥% នៃបរិមាណព្រៃឈើ នៅទូទាំងពិភពលោក ។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ ខ្លាឃ្មុំPanda លែងជាសត្វ ដែលស្ថិតនៅក្នុងបញ្ជីសត្វ ដែលជិតផុតពូជទៀត ហើយ លើសពីនេះ ជនជាតិចិនបានយកចិត្តទុក ដាក់ការពារហ្វូងដំរីអាស៊ី តាមគ្រប់មធ្យោបាយ ដែលបានក្លាយជាទៅជាចំណុចចាប់អារម្មណ៍ខ្លាំង នៅក្នុងពិភពលោក ។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការ បញ្ចេញកាបូនិក បានចំនួន២៩៤០ លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន១៤០០លានតោន ដែលនេះជាការសម្រេច បានមុនកាលកំណត់។

ជាសច្ចភាព ដែលយើង មិនអាចប្រកែកបាន ទស្សនៈអរិយធម៌អេកូឡូស៊ី បានជ្រៀតចូលយ៉ាងស៊ីជម្រៅ ទៅក្នុងដួងចិត្ត របស់ប្រជាជនចិន របៀបរស់នៅ ដោយសន្សំសំចៃ ថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយ កាបូនទាប បាននិងកំពុងក្លាយជាជម្រើស ដោយខ្លួនឯង របស់ប្រជាជនចិន កាន់តែច្រើនឡើងៗ ។ តាមរយៈផ្នតគំនិតនេះ សហគមន៍អន្តរជាតិពិត ជាបាននិងកំពុងសាទរ ហើយប្រកៀកស្មាជាមួយប្រទេសចិន ដែលបានត្រៀមខ្លួនរួច ជាស្រេច ក្នុងការកសាងអនាគតរួមគ្នា សម្រាប់ជីវិតទាំងអស់នៅលើផែនដី តាមខ្លឹមសាររួមនៃCOP15៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិន

To Top