អត្ថបទស្រាវជ្រាវ (scholar)

ចិន គាំទ្រអាហ្សង់ទីន ក្នុងការអះអាងអធិបតេយ្យភាព ទាមទារកោះ Falklands មកវិញនៅតំបន់សមុទ្រអាត្លង់ទិច ភាគខាងត្បូង និងអំណាច របស់ចិន ក្នុងសតវត្សរ៍ទី២១នេះ!

នៅក្នុងព្រឹត្តិការណ៍ នៃទំនាក់ទំនងការទូត អន្តរជាតិថ្មីបំផុត ចិនស្រាប់ បានបំពងសំឡេង ស្នើឱ្យអង់គ្លេស ជួបចរចាជាមួយ អាហ្សង់ទីន អំពីប្រជុំកោះ Falklands ដែលមានឈ្មោះដើមថា Las Malvinas នោះ!

ប្រជុំកោះ Falklands ដែលមានឈ្មោះដើមថា Las Malvinas

កាសែត “អ្នកសង្កេតការណ៍សេដ្ឋកិច្ច” របស់ចិនបានចុះផ្សាយថា លោក Wen Jiabao នាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ ដោយអះអាងនូវជំហរគាំទ្ររបស់ចិន ចំពោះសំណូមពរក្នុងការអះអាង ទាមទារអធិបតេយ្យភាពរបស់អាហ្សង់ទីនមកលើប្រជុំកោះ Malvinas ដែល អង់គ្លេសហៅថា Falklandsនោះ!។

លោក Wen Jiabao នាយករដ្ឋមន្រ្តីចិន

ចំពោះប្រជាពលរដ្ឋចិន គឺប្រជុំកោះ Malvinas​ នេះបានស្ថិត នៅឆ្ងាយពីដែនដីចិនក្នុងតំបន់អឌ្ឍគោលខាងលិច ក៏ប៉ុន្តែសង្រ្គាមនៅម្ដុំប្រជុំ កោះ Malvinas បានក្លាយទៅជាប្រធានបទមួយ ក្នុងការដំណើរការចាប់ផ្ដើម នៃការស្វែងយល់អំពី សង្រ្គាមសម័យទំនើប(Modern Warfare) សម្រាប់កងទ័ពជើងទឹក​ របស់ប្រជាជនចិន ទាំងមូល ជាពិសេសគឺក្នុងរបៀប ស្វែងយល់និងដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហាលើសមុទ្រចិនខាងត្បូង នាពេលអនាគតនោះ!។

ក្នុងទិដ្ឋភាព លើផ្នែកយោធា ដ៏សាមញ្ញបំផុតនេះ ដោយឥតទាន់រាប់បញ្ចូល ទាំងការចូលរួម ពីកងកម្លាំងយោធា របស់សហរដ្ឋអាមេរិកនៅឡើយ! ក៏ចិនបានជួបប្រទះទៅនឹងការលំបាកទៅហើយនោះ! ដូចជាករណីដែលចិន ត្រូវប្រឈមទៅនឹង សមរភូមិមួយ ដែលមានព្រំសីមាសរុប វែងរាប់ពាន់គីឡូម៉ែត្រនោះ! ដូច្នោះ គឺចិន ត្រូវធ្វើយ៉ាងណា ក្នុងការចាត់តាំងកម្លាំងទ័ពផង ប្រតិបតត្តិការស៊ើបយកការណ៍ ផ្ដល់ព័ត៌មានផង រួមទាំងការដឹកជញ្ជូន សម្ភារភស្តុភា ឱ្យទៅដល់ទីតាំងក្ដៅទាំងអស់ ឱ្យទាន់ពេលវេលានិង មានប្រសិទ្ធភាពខ្ពស់ គេចបានពីបណ្ដាហានិភ័យ នៅលើសមរភូមិមួយ ដែលកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ជាមុខសញ្ញាចម្បងក្នុងការ ត្រូវរងការវាយប្រហារ ក្នុងសង្រ្គាមលើ សមុទ្រយ៉ាងនេះ!។

បើនៅលើផ្នែកការទូតវិញ ក្នុងករណីបើមានបំណងចង់ប្រើប្រាស់ នូវបណ្ដាវិធានការយោធាដើម្បីចូលរួមដោះស្រាយ នូវបញ្ហាលើសមុទ្រចិនខាងត្បូង យ៉ាងនេះ គឺចិនត្រូវត្រៀមនូវរាល់ទឡ្ហីករណ៍មួយយ៉ាងរឹងមាំ និងមានភាព ជាក់លាក់បំផុតនៅក្នុងដៃ ដើម្បី Convince ពិភពលោក! ជាសក្ខីកម្ម អាចលើកយកបញ្ហាសង្រ្គាមត្រជាក់ នៅអ៊ីរ៉ាក់ ,ការលើកទ័ពចូលអាហ្កានីស្ថាន, ការបើកយុទ្ធនាការវាយរំដោះកូសូវ៉ូ, ការកាន់កាប់គ្រីមា ល.ល… ព្រោះយ៉ាងហោចណាស់ក៏ស្ថានភាព ជាក់ស្ដែងរបស់ចិន ក្នុងពេលនេះ ខុសទៅ នឹងតថភាពរបស់ប្រទេស អង់គ្លេស នាពេលនោះផងដែរ!។

ក្នុងការធ្វើសង្រ្គាម វាយលុកនិងកាន់កាប់ មកលើកោះ Malvinas/Falklands នោះ អង់គ្លេស ទទួលបានការគាំទ្រ យ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ (ដោយពេលនោះ អង់គ្លេស ជាប្រទេសប្រជាធិបតេយ្យ សេរី ចំពោះ អាហ្សង់ទីនវិញជាប្រទេសយោធានិយមផ្ដាច់ការក្នុងពេលនោះ) ហើយទន្ទឹមទៅនឹង ប្រៀបខាងលើនេះ អង់គ្លេសក៏បាន Convince ពិភពលោកពេលនោះ ឱ្យយល់ ថា ការវិវាទដែនដីត្រូវតែ ដោះស្រាយតាមរយៈ​ការជួបចរចា! តែផ្ទុយទៅវិញ អាហ្សង់ទីន ទេ ដែលបានប្រើប្រាស់ កម្លាំងបាយ ក្នុងការអុកឡុក វាយទន្រ្ទាន កាន់កាប់មកលើដែនដី ដែលមានទំនាស់! ដែលសកម្មភាពយោធាទាំងនេះ នឹងបង្កបង្កើតទៅជាទម្លាប់(Precedent) មួយដ៏អាក្រក់ ក្នុងទំនាក់ទំនងអន្តរជាតិ ដោយអាហ្សង់ទីនបានបំផ្លិចបំផ្លាញ របៀបរបបសណ្ដាប់ធ្នាប់ (Order) និងសន្តិភាពអន្តរជាតិ! ចំណុច អវិជ្ជមានទាំងអស់នេះដែលបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UN Security Council ) បានពិនិត្យ និងអនុម័តមកលើសេចក្ដីសម្រេចចិត្ត៥០២ដែល Resolution 502 នេះ បានក្លាយទៅជារង្វាន់លើកទឹកចិត្ត ក្នុងការជួយសម្រួលឱ្យអង់គ្លេស គេចផុតពីការវាយប្រហារ រិះគន់ពីបណ្ដាមជ្ឈដ្ឋានអន្តរជាតិ ជាប្រការដែលអំណោយផលឱ្យ អង់គ្លេសដំណើរការធ្វើសង្រ្គាមវាយបក និងកាន់កាប់មកលើកោះ Malvinas/Falklands ពីអាជ្ញាធរអាហ្សង់ទីនមកវិញ ដែលចក្រពត្តិអង់គ្លេស បានទន្ទ្រាន រំលោភខុសច្បាប់ជាយូរមកហើយ លើដែនកោះទាំងនេះរបស់ អាហ្សង់ទីននោះ!។

ដូច្នោះ ក្នុងរូបភាពប្រើប្រាស់ កម្លាំងដើម្បីដោះស្រាយ មកលើបញ្ហា សមុទ្រចិនខាងត្បូង បានទាមទារឱ្យ ប្រទេសទាំងអស់ ក្នុងនោះមានចិនផង គឺត្រូវប្រើប្រាស់ភាព Wisdom និង Smart diplomacy ដើម្បីបង្កើតឱ្យមាន បរិយាកាសនយោបាយមួយ ដែលមានភាពអនុគ្រោះ អំណោលផល ជាមុនសិន! តែក៏មានចំណុចមួយ​ ដែលគួរត្រូវបានយកចិត្តទុកដាក់បំផុតនោះ គឺពិតមែនតែចុងក្រោយ អង់គ្លេស ដណ្ដើមបានកោះ Malvinas/Falklands មកវិញ តែអង់គ្លេស ក៏បានសងនូវតម្លៃមួយដ៏ខ្ពស់ពេលដែលធ្វើសង្រ្គាម វាយបក កាន់កាប់នោះ! ព្រោះក្រៅអំពីការចំណាយ នូវទឹកប្រាក់ប្រមាណ ២កោដិដុល្លារកន្លះពេលនោះ សម្រាប់ការទូទាត់ចំណាយពេល ដែលធ្វើ សង្រ្គាមដោយផ្ទាល់ នោះ អង់គ្លេសក៏បានបាត់បង់ នូវនាវាធុនធំ៤គ្រឿង នាវាដឹកជញ្ជូន២គ្រឿង នាវាដឹកជញ្ជូនធុនយក្ស ១គ្រឿង រួមទាំងនាវាមួយចំនួនធំត្រូវខូចខាត មានព ទាហាន២៥៧នាក់ ស្លាប់ និងរងរបួស ជាង២៥០០នាក់

ទន្ទឹមទៅនឹងការកាន់កាប់ បានមកវិញនូវកោះ Malvinas/Falklandsនេះ អង់គ្លេសក៏បានបាត់បង់ នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទៅមកជាមួយ អាហ្សង់ទីន រួមទាំងជាមួយ អង្គការពាណិជ្ជកម្មអាមេរិកខាងត្បូង ដែលជាអង្គការ ទីផ្សាររួមមួយ រួមមានបណ្ដាប្រទេសអាហ្សង់ទីន ប្រេស៊ីល អ៊ុយរ៉ាហ្កាយ និងប៉ារ៉ាហ្កាយ ដោយពួកប្រទេសអាមេរិកខាងត្បូងទាំងនេះ បានប្ដេជ្ញាមិន ទំនាក់ទំនង សហការជាមួយ អង់គ្លេស ព្រមទាំងមិនបើកកំពង់ផែ ឱ្យទោះបីនាវា ណាមួយក៏ដោយ ឱ្យតែនាវាទាំងនោះដោតទង់ជាតិសម្គាល់ថាជារបស់កោះ Falklands នោះ! សកម្មភាពអមិត្តទាំងនេះ របស់ក្រុមអាមេរិកខាងត្បូង បានធ្វើឱ្យអ្នកកាន់អំណាចរបស់អង់គ្លេស កាន់តែមានសេចក្ដីបារម្ភយ៉ាងខ្លាំង ក្លា ហើយពីរបីឆ្នាំ ក្រោយពីមានឧបទ្ទវហេតុMalvinas/Falklands នេះមក គឺក្រសួងការបរទេសរបស់អង់គ្លេស បានសម្រេចបិទស្ថានឯកអគ្គរដ្ឋ ទូត៦នៅក្នុងតំបន់អាមេរិកឡាទីននេះ! ដោយមកពីមាននយោបាយ អរិយភាពចេះតែកើនឡើង តានតឹងឡើងប្រឆាំងទៅនឹងផលប្រយោជន៍ និងអំពើទាំងឡាយរបស់អង់គ្លេស នៅក្នុងតំបន់មួយនេះ!។

ប៉ុន្តែ ហេតុការណ៍ទាំងអស់នេះ គ្រាន់តែជាចំណែក មួយដ៏តូច ព្រោះ Malvinas/Falklands បានក្លាយទៅជាអំរែក បន្ទុកមួយដ៏ធ្ងន់ធ្ងរនៅលើស្មា របស់អង់គ្លេសរួចទៅហើយនោះ! នៅពេលដែលស្ថានភាព កម្លាំងពិតរបស់ សត្វតោសមុទ្រអង់គ្លេស ដែលមួយថ្ងៃចេះតែដើរថយក្រោយ ដោយកត្តា សត្យានុម័តនោះ គឺប្រជុំកោះ Malvinas/Falklands ដាច់ខាតនឹងធ្លាក់ទៅក្នុង កណ្ដាប់ដៃរបស់ប្រជាជាតិអាហ្សង់ទីន វិញជាមិនខានឡើយ!។ ការចាញ់ សង្រ្គាមរបស់អាហ្សង់ទីន ពុំមែនមានន័យ ថា អាហ្សង់ទីនបានបោះបង់ចោល នូវការទាមទារដែនដីដូនតារបស់ខ្លួននោះទេ! ហើយជាការពិតអាហ្សង់ទីន បានសរសេរសំណូមពរ នៃសេចក្ដីទាមទារដែនអធិបតេយ្យភាព បូរណភាព ទឹកដីនេះ ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ រួចទៅហើយ សម្រាប់កូនចៅ អាហ្សង់ទីន ជំនាន់ក្រោយៗ បានជ្រាបនិងបន្តការទាមទារនោះ!។

អង់គ្លេសនិងអាហ្សង់ទីន បានស្ដារប្រក្រតីកម្ម ទំនាក់ទំនង ឡើងវិញនា ឆ្នាំ ១៩៨៩ ក្រោមរូបភាពជា “រូបមន្តឆត្រ- Umbrella Formula ” ដែលខ្លឹមសារ នៅក្នុងរូបមន្តមួយនេះ គឺអះអាងថា បញ្ហាអធិបតេយ្យភាព របស់ប្រជុំកោះទាំង នេះ ត្រូវបានលើកដាក់ទៅម្ខាងដោយរង់ចាំ បន្តដោះស្រាយក្រោយ! ការព្រមព្រៀងនេះ ជាយថាហេតុអង់គ្លេស ទទួលស្គាល់ការពិតមួយថា បញ្ហា បូរណភាពដែនកោះ Malvinas/Falklands នៅបន្តដោះស្រាយនៅពុំមែន ជាសកម្មសិទ្ធិដាច់ខាតរបស់អង់គ្លេស ដូចអ្វី ដែលពួកអាណានិគមនិយម តែងតែហៅថា គោលការណ៍ Uti Posidetis នោះ!។ នៅសើរើ ទាមទារ បានបើយើងខ្លាំង មានការឯកច្ឆ័ន្ទជាតិខ្ពស់ និងទាំងមូល ហើយមាន មហាអំណាចណាមួយផ្ដល់ការគាំទ្រនោះ! ដែលទោះបី ដែនកោះទាំងនេះ ត្រូវបានកាន់កាប់ជាង១០០ឆ្នាំ ហើយនោះក៏ដោយ!។

បទពិសោធន៍ និងមេរៀន ដ៏ជូរចត់អំពី Malvinas/Falklands បានបញ្ជាក់ ឱ្យឃើញយ៉ាងជាក់ស្ដែងថា បញ្ហាទំនាស់ដែនដី ពុំមែនជាភាពងាយស្រួលក្នុង ការយកកម្លាំងបាយ ទៅធ្វើជាមធ្យោបាយ សម្រាប់ការដោះស្រាយ ដូចករណី ត្រូវដោះស្រាយបញ្ហាលើតំបន់សមុទ្រចិនខាងត្បូង យ៉ាងសាមញ្ញនោះទេ! តែជា តថភាពចិនបានផ្សារភ្ជាប់បញ្ហាសន្តិសុខថាមពលនិងពាណិជ្ជកម្ម ភ្ជាប់ទៅនឹង ផ្លូវគមនាគមន៍ នាវាចរណ៍ដ៏ស្លាប់រស់ ទៅនឹងសមុទ្រចិនខាងត្បូង រួចទៅហើយ ក្នុងយុទ្ធសាស្រ្តសាកល ដ៏គន្លឹះរបស់ខ្លួននោះ!។

សមុទ្រចិនខាងត្បូង បើគ្រាន់តែដោះស្រាយបញ្ហានេះ ទាំងស្រុង តាមរយៈវិធានការយោធា គឺបានត្រឹមតែធ្វើឱ្យ សភាពការណ៍នៅក្នុងតំបន់ កាន់តែអាក្រក់ទៅៗ ព្រមទាំងនិងជាផលវិបាកមួយផ្សេងទៀត របស់ចិន នៅ ចំពោះមុខសភាពការណ៍ របស់អន្តរជាតិនោះ!។

យ៉ាងហោចណាស់ ក៏មានអ្នកវិភាគនយោបាយ នៅក្នុងតំបន់ខ្លះ បានឯកភាពថា វិធានការយោធា គឺជាកំបិតមុខពីរ ដែលធ្វើឱ្យអ្នកដទៃរបួស តែក៏បានធ្វើឱ្យម្ចាស់កំបិតនេះមានស្លាកស្នាមផងដែរ!។ វិធានការយោធា អាចជាមធ្យោបាយបន្ទាប់បន្សំក្នុងការជួយសម្រួលដោះស្រាយបញ្ហាលើ សមុទ្រចិនខាងត្បូង តែពុំអាចជាវិធានការទាំងស្រុង ដើម្បីយកមក ដោះស្រាយ បញ្ហា សមុទ្រចិនខាងត្បូងជាលក្ខណៈរួមបានឡើយ!។

ចិនបានប្រកាសអធិបតេយ្យភាព លើតំបន់សមុទ្រចិនខាងត្បូង ដោយផ្អែកមកលើកត្តាប្រវត្តិសាស្រ្ត ចិនបានរុករកតំបន់មួយនេះមុនគេ! ចំពោះ វៀតណាម- ហ្វីលីពីនវិញ បានប្រកាសអធិបតេយ្យភាព មកលើតំបន់ នេះ ដោយផ្អែកមកលើភាពជាក់ស្ដែង ដែលការគ្រប់គ្រងនេះមានចរិត ជានិរន្ត ភាពមកលើតំបន់នេះ ចាប់តាំងពីប្រទេសទាំងនេះទទួលបានឯករាជ្យ! ដោយ ឡែក ចំពោះវៀតណាមវិញបានកាន់កាប់តំបន់ទាំងនេះ បន្ទាប់ពីមានដំណើរ ចុះមកឆ្ពោះទៅទិសខាងត្បូងនៃការវាយកាន់កាប់នគរចម្ប៉ា និងការចុះមក ក្រោមបន្ត ទន្រ្ទានកាន់កាប់ ដែនដីសណ្ដរទន្លេមេគង្គ ដែលជាដែនដី របស់អាណាចក្រខ្មែរ ដែលតំបន់នេះមានឈ្មោះថាកម្ពុជាក្រោមនោះ!។

ដូច្នោះ ក្នុងបញ្ហាដំណោះស្រាយ លើសមុទ្រចិនខាងត្បូង មិនដាច់ខាត ត្រូវតែមានគោលនយោបាយដ៏ប៉ិនប្រសប់ ប្រកបទៅដោយបញ្ញាញាណមួយ ដ៏ខ្ពស់ តែក៏ត្រូវមានភាពភ្លឺស្វាងបំផុត ដើម្បីធ្វើយ៉ាងណា កុំឱ្យការបាញ់ព្រួញ ពិសបែរជាវិលមកបាញ់ខ្លួនដោយខ្លួនឯងវិញ!។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អនុភាពដ៏មហិមារបស់ ចិនប្រជាមានិត ទាំងក្នុងវិស័យយោធានិងសេដ្ឋកិច្ច បានធ្វើឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលនូវ តុល្យភាពកម្លាំងក្នុងជញ្ជីងយុទ្ធសាស្រ្តយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលហេតុបច្ច័យមួយនេះ បានធ្វើឱ្យពួកប្រទេសភូមិផង នៅក្នុងតំបន់ ពួកប្រទេសសម្ព័ន្ធមិត្ត របស់អាមេរិក ដូចជាជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ឌា ឬអូស្រ្តាលី មានការបារម្ភភ្ញាក់ផ្អើល ដែលក្នុងពេលនោះពួកអ្នកកាន់អំណាច របស់ចិន តែងតែប្រកាសយ៉ាងចំហរ នៅក្នុងទិសទីលើគ្រប់វេទិកាថា ចិនជានិច្ច មានបំណងប្រាថ្នា រួមរស់ក្នុងសុខសន្តិភាព និងពុំមានមហិច្ឆតា ឬគំនិតអនុត្តរ​ភាពណាមួយសោះឡើយ!។

ក្នុងបរិបទនៃស្ថានភាពមួយ យ៉ាងដូច្នោះ ទើបពួកអ្នកវិភាគនយោបាយ នៅក្នុងតំបន់បានធ្វើសេចក្ដីសន្និដ្ឋានថា មកពីមានអំណាចយោធានិងខឿន សេដ្ឋកិច្ចមួយយ៉ាងមហិមា លើសលប់គ្របដណ្ដប់ លើគ្រប់វិស័យរបស់ចិន មកលើតំបន់ភាគខាងលិច របស់ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង យ៉ាងដូច្នោះ បានធ្វើឱ្យពួកប្រទេស ដែលមានគោលនយោបាយអមិត្ត ជាមួយចិន ពិសេសគឺវៀតណាម មានការ បារម្ភជ្រាលជ្រៅអំពីអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ដែលនេះ ជាចលករមួយដ៏គន្លឹះក្នុងការជំរុញឱ្យ វៀតណាមរត់ទៅរកឆត្រសន្តិសុខ (Security Umbrella) របស់អាមេរិក ក្នុងការចង់បង្កើនជាដៃគូយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការ យោធាជាមួយ វៀតណាម និងអាមេរិកដោយពុំមែនជា ភាពចៃដន្យបំផុតនោះ!។

តែជាអកុសល ទាំងវៀតណាមទាំងហ្វីលីពីន បាននិងកំពុងត្រូវបានយក ចិត្តទុកដាក់ និងត្រូវបានមហាយក្សអាមេរិក ប្រើប្រាស់ធ្វើជាឧបករណ៍ ដោយ ជំរុញឱ្យវៀតណាមនិងហ្វីលីពីន ជំពាក់វាក់វិនទៅនឹងអត្ថប្រយោជន៍ជាតិ ដោយចងបញ្ហានេះទៅនឹងបូរណភាពទឹកដី ដើម្បីជាការងាយស្រួលក្នុងការ អូសទាញ ក្រាលព្រំក្រហមជូនអាមេរិកឱ្យវិលមកតាំងទីលំនៅ សារជាថ្មីនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្វើជាBarrier of defense ក្នងការរារាំង ទប់ស្កាត់នូវការងើបឡើង យ៉ាងខ្លាំងក្លា របស់ចិនមកលើតំបន់នេះ ដោយNatural Mannersនោះទៅវិញ!។

ជិត២០០ឆ្នាំ ក្រោមការជិះជាន់ របស់ចក្រពត្តិអង់គ្លេស ថ្ងៃនេះ ចិនងើបឡើងទូទាត់ ដោយផ្ដល់ការគាំទ្រ ដល់ពួកប្រទេសត្រូវ បានគេជិះជាន់!

នៅក្នុងព្រឹត្តិការណ៍ នៃនយោបាយការទូតមួយ លើវេទិកាអង្គការសហប្រ ជាជាតិ ប្រេសិតរបស់ចិន បានសំណូមពរឱ្យអង់គ្លេសជួបចរចា ជាមួយអាហ្សង់ទីន ជុំវិញបញ្ហាពាក់ព័ន្ធដល់អធិបតេយ្យភាព លើប្រជុំកោះ Malvinas ហើយដែលពួកអង់គ្លេសបានហៅថា Falklandsនោះ!។

នៅថ្ងៃទី២៤ មិថុនា ២០២១ តំណាងរបស់ចិនប្រជាមានិត ប្រចាំនៅ អង្គការសហប្រជាជាតិ បានអះអាងថា ក្រុងប៉េកាំង ជានិច្ចបានគោរពនូវ អធិបតេយ្យភាព បូរណភាពរបស់អាហ្សង់ទីន នាម្ដុំកោះ Malvinas !។ ដោយលោក ឯកអគ្គរដ្ឋទូតរងរូបនេះ បានលើកឡើងនាកិច្ចប្រជុំ របស់គណៈ កម្មាធិការ ពិសេសរបស់សហប្រជាជាតិស្ដីពី United Nations Special Committee on Decolonization, C-24 ដែលក្នុងអង្គប្រជុំពិសេសនេះ ភាគីចិន បានអះអាងថា សង្ឃឹមអង់គ្លេស នឹងមានភាពសកម្មក្នុងការឆ្លើយតបទៅ សំណូមពររបស់អាហ្សង់ទីន ហើយចាប់ផ្ដើមមានជំនួប ចរចាដើម្បីស្វែងរក ដំណោះស្រាយសម្រាប់ប្រជុំកោះ Malvinas/Falklands នេះ!។

ព្រឹត្តិការណ៍នយោបាយ ដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឱ្យពួកប្រទេស អាស៊ីអាគ្នេយ៍មួយចំនួនយល់ថា ដោយមើលឃើញការវិលមកវិញ របស់ អានុភាពអង់គ្លេស នៅក្នុងតំបន់អាស៊ីនេះ បានធ្វើឱ្យចិន មិនពេញចិត្ត នឹកដល់ សង្រ្គាមអាភៀនដែលអង់គ្លេសបានសាបព្រោះមកលើប្រជាជាតិចិនរងការ លំបាក ឈឺចាប់ជាង១០០ឆ្នាំ! ឥឡូវនេះ អង់គ្លេសចង់លូកដៃចូល មកកកូរ នៅក្នុងតំបន់ អាស៊ីទៀត ដែលជាហេតុនាំឱ្យចិន ចាប់លេងសន្លឹកបៀរ អាហ្សង់ទីន ប្រឆាំងទៅនឹងគំនិតអាណានិគមនិយមរបស់អង់គ្លេស ក្នុង បរិបទថ្មី!។ នយោបាយការទូតគឺត្រូវចេះ ជ្រើសរើសយកមធ្យោបាយ និងយុទ្ធវិធីដោយ ផ្អែកមកលើពេលវេលានិងកាលៈទេសៈ ដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ ចាក់ស្មុគទាន់ពេលវេលា! Diplomacy has to select the means and tactics on the basic of the time and circumstances for response on time to the imbroglio situation។

សារព័ត៌មាន ដែលផ្សាយជាភាសាចិននៅហុងកុង បាននិយាយថា ចិនបានសងសឹកអង់គ្លេស ដែលប្រទេសមួយនេះ មានការពាក់ព័ន្ធមកលើ ហេតុការណ៍ ទាំងឡាយនៅហុងកុង ដោយអាជ្ញាធរចិនបានវាយប្រហារមក លើគំនិត ចក្រពត្តិ អាណានិគមនិយមរបស់ពួកលោកខាងលិច ដែលធ្លាប់ មានរាប់រយឆ្នាំ ហើយឥឡូវនេះចង់បន្តក្រោមរូបភាពអាណានិគមនិយម បែបថ្មីដោយចិនបាន ជ្រើសរើសការវាយប្រហារមកលើអង់គ្លេស ពាក់ព័ន្ធ ដល់ដែនប្រជុំកោះ Las Malvinas (ហៅតាមភាសាអេស្បាញ បើអង់គ្លេសវិញហៅថា Falklandsនោះ)។

ថ្មីៗនេះ អង់គ្លេសបានចាត់បញ្ជូននាវាធុនធំមួយក្រុម ក្រោមការដឹកនាំ បញ្ជារបស់នាវាផ្ទុកយន្តហោះ HMS Queen Elizabeth ធ្វើដំណើរជានាវាចរណ៍ ទៅមកឆ្លងកាត់តំបន់សមុទ្រនៅអាស៊ីអាគ្នេយ៍និងហួសទៅកាន់តំបន់់អាស៊ីបូព៌ានោះផង!។

ក្នុងការធ្វើដំណើរ របស់ក្រុមនាវានេះ ក៏មានអមទៅជាមួយក្រុម យន្តហោះចម្បាំង F-35របស់កងទ័ពជើងអាកាសរបស់អាមេរិក ដែលកងនាវា និងយន្តហោះទាំងនេះបានចូលរួមក្នុងសមយុទ្ធយោធាជាមួយពួកសម្ព័ន្ធមិត្ត របស់អង់គ្លេសនិងអាមេរិកនៅក្នុងតំបន់ ដែលជាហេតុបច្ច័យមួយដ៏សំខាន់ក្នុង ការនាំឱ្យចិនប្រឆាំងជំទាស់នឹងការខឹងសម្បារចាប់តាំងពីមានដំណើរការនាវាចរណ៍មួយនេះចាប់ផ្ដើមនោះ!។

ដើម្បីជាការសម្ដែង មហិទ្ធរិទ្ធិនូវអានុភាពរបស់ខ្លួន នាវាចម្បាំងទាំង ឡាយរបស់ អង់គ្លេស ក៏បានធ្វើដំណើរដូចជា ការយាមល្បាត មកលើតំបន់ សមុទ្រជុំវិញប្រជុំកោះ Falklands ដែលស្ថិតនៅសមុទ្រអាត្លង់ទិច ព្រមទាំងដើរកាត់កោះ មួយចំនួនទៀត ដែលកោះទាំងនេះស្ថិត នៅជាដែនកោះ ក្រោមការគ្រប់គ្រងរបស់ ចក្រពត្តិអង់គ្លេស នៅឯនាយសមុទ្រក្នុងតំបន់ សមុទ្រប៉ាស៊ីហ្វិកនោះ!។

កងនាវាជើងទឹក របស់អង់គ្លេស បានបន្តអនុវត្តន៍ នូវតួនាទី មុខងាររបស់ ខ្លួនក្នុងឋានៈជាមហាអំណាចយោធាមួយ របស់ប្រទេសមួយនេះ មកលើតំបន់ ទាំងឡាយដែលស្ថិតនៅឆ្ងាយពីដែនដី របស់ខ្លួន ដែលសកម្មភាពមួយនេះ ត្រូវបានពួកប្រទេសមួយចំនួនសម្ដែងការប្រឆាំង តវ៉ា ដោយនេះនៅតែជាអំពើ មានចរិតជាអាណានិគមនិយមបែបថ្មីរបស់ពួកនេះដដែល!។

អំពីសង្រ្គាមនៅ Falklands!

សង្រ្គាមនៅFalklands ដែលអាហ្សង់ទីនហៅថា Guerra das Malvinas

នោះបានកើតឡើងនៅបណ្ដាឆ្នាំ១៩៨២។ នៅឆ្នាំ១៨៣៣ ចក្រពត្តិអង់គ្លេស បានប្រកាសអធិបតេយ្យភាពមកលើតំបន់ប្រជុំកោះទាំងនេះ ក៏ប៉ុន្តែអាហ្សង់ទីន បានប្រឆាំងជំទាស់រហូត។

          នៅខែមីនា ១៩៨២ របបយោធានិយមផ្ដាច់ការរបស់ អាហ្សង់ទីនបាន បើកប្រតិបត្តិការយោធា ចូលមកកាន់់់កាប់កោះ South George ដោយបាន ដោតទង់ជាតិអាហ្សង់ទីន មកលើកោះមួយនេះ!។ ហើយបើយោងទៅតាមផែន ការRosario គឺអាហ្សង់ទីននឹងដាក់ពង្រាយកងទ័ពទាំងអស់មកលើគ្រប់កោះ ក្នុងប្រជុំកោះ Malvinas/Falklands នេះ ឱ្យចប់ក្នុងឆ្នាំ១៩៨២ ហើយនៅដើម ខែមេសា ១៩៨២ ទ័ព អាហ្សង់ទីន រាប់ពាន់នាក់បានឡើងកាន់កាប់កោះទាំង នេះ ដែលក្នុងពេលនោះក៏មានទាហានអង់គ្លេស បោះទីតាំងឈរជើងនៅ ទីនេះដែលមិនអាចទប់ទល់បានទៅនឹងកម្លាំងរបស់អាហ្សង់ទីនក៏បានសុំចុះចាញ់ទៅ!។

          នៅថ្ងៃទី៣ មេសា ១៩៨២ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិUNSC បានចេញសេចក្ដីសម្រេចចិត្តលេខ៥០២ ដោយអំពាវនាវដល់ភាគីទាំងពីរមាន ការអត់ធ្មត់ ដកទ័ពចេញទាំងអស់ ហើយជួបចរចាគ្នា!។

          ក្នុងស្ថានភាព ប្រឈមមុខជាយោធាមួយ តានតឹងយ៉ាងដូច្នេះ ភាគី អាហ្សង់ទីនដាច់ខាតមិនគោរព សេចក្ដីសម្រេចចិត្ត៥០២របស់អ.ស.ប ហើយក្នុងស្ថានការណ៍មួយនេះអង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Margaret Thatcher ផង បានសម្រេចចាត់បញ្ជូនកងទ័ពអាកាសនិងកងទ័ព ជើងទឹកចូលរួមក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ កាន់កាប់របស់ អាហ្សង់ទីននេះទៅ!។

          ក្នុងចម្បាំងនេះ មាននាវាយោធានិងយន្តហោះ ប្រយុទ្ធរបស់អាហ្សង់ទីន ជាច្រើនគ្រឿងត្រូវបានកម្ទេច! ហើយដោយឡែក នាវាចម្បាំងធុនធំ Sheffield របស់អង់គ្លេសបានត្រូវគ្រាប់និងឆេះក្នុងការប្រយុទ្ធមួយនេះផងដែរ!។

          ដល់ពាក់កណ្ដាល ខែមិថុនា ១៩៨២ កងទ័ពអាហ្សង់ទីន ដែលមានមុខ នៅឯកំពង់ផែStandley ត្រូវវាយឱ្យបាក់ទ័ពនាំដល់ពលទាហានអាហ្សង់ទីន ទាំងអស់ដែលមានមុខនៅលើកោះប្រមាណ៩ ៨០០នាក់ បាត់ភាពម្ចាស់ការ ក្នុងការប្រយុទ្ធហើយប្រកាសចុះចាញ់ អង់គ្លេសបានបន្តត្រួតត្រាកាន់កាប់ កោះ Falklands ដដែល!។

          ក្រោយពីធ្វើម្ចាស់លើសមរភូមិ និងបន្តកាន់កាប់ដែនកោះFalklands ដដែលមក អង់គ្លេសបានអនុវត្តន៍តំបន់ការពារFalklands មានវិសាលភាព ទូលាយរហូតដល់ទៅជាង១៥០ម៉ាយព័ទ្ធជុំវិញប្រជុំកោះFalklandsនេះ!។

          ជារួម នៅត្រឹមថ្ងៃទី២០ មិថុនា ១៩៨២ ក្រោយពី៧២ថ្ងៃការប្រយុទ្ធវាយ ដណ្ដើមប្រជុំកោះ Malvinas/Falklands ពីអង់គ្លេសរបស់កងទ័ពអាហ្សង់ទីន មក គឺភាគីអាហ្សង់ទីនចាញ់ហើយអង់គ្លេសបន្តកាន់កាប់កោះទាំងនេះ ដដែល!។

          ពេលនោះ ប្រទេសសង្គមនិយមទាំងអស់ ជាពិសេសគឺពួកប្រទេស តតីយលោកទាំងអស់ រួមទាំងសាធារណរដ្ឋប្រជាមានិតកម្ពុជាផង បានប្រកាស គាំទ្រដល់បុព្វហេតុរបស់ប្រជាជាតិអាហ្សង់ទីនក្នុងការប្រឆាំងចក្រពត្តិ អង់គ្លេសនាពេលនោះ!។

          ដោយឡែកជំហរ របស់អាមេរិក ពេលនោះបានផ្ដល់ការគាំទ្រ អង់គ្លេស លើផ្នែកចារកម្ម ស៊ើបការណ៍សម្ងាត់ ច្រើនជាង។ សហរដ្ឋអាមេរិកមានបំណង ចង់ឃើញប្រទេសអង់គ្លេស និងអាហ្សង់ទីនរួមគ្នាដោះស្រាយបញ្ហាប្រជុំកោះ Malvinas/Falklands ដោយសន្តិវិធី។ មុននេះ លោកប្រធានាធិបតី Ronald Reagan បានជួយលោកស្រី Margaret Thatcher ក្នុងការវាយដណ្ដើមយក កោះទាំងនេះមកវិញ ដែលសកម្មភាពរបស់លោកReagan ក្នុងការគាំទ្រ អង់គ្លេសនាពេលនោះ ត្រូវបានសមាជិកក្នុងគណៈរដ្ឋមន្រ្តីរបស់អាមេរិកមួយ ចំនួន ពុំបានឯកភាព ផ្ដល់ភ្លើងខៀវគាំទ្រឡើយ! ដោយអ្នកទាំងនេះ មានសេចក្ដីបារម្ភថា អំពើរបស់Ronald Reagan នឹងធ្វើឱ្យមានការប៉ះពាល់ មកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយក្រុមប្រទេស អាមេរិកឡាទីនទាំងឡាយ នៅពេលដែលReaganចេញសេចក្ដីសម្រេចផ្ដល់ ការគាំទ្រដល់បណ្ដាសកម្មភាពយោធារបស់អង់គ្លេសនោះ!។

          បញ្ហាប្រជុំកោះ Malvinas/Falklands នាពេលបច្ចុប្បន្ននេះ!

        ទោះបីជាសង្រ្គាម អាហ្សង់ទីនអង់គ្លេសបានកន្លងផុតទៅហើយជិត ៤០ឆ្នាំក៏ដោយ ក៏រដ្ឋាភិបាលអាហ្សង់ទីននៅតែរក្សាជំហរទាមទារកោះទាំងនេះ ដដែល ព្រមទាំងបានចោទប្រកាន់អង់គ្លេស នៅតែមានឧបាយកលយោធា ក្នុងការយោធូបនីយកម្មមកលើតំបន់សមុទ្រអាត្លង់ទិចខាងត្បូងដដែល!។

          នៅឆ្នាំ២០២០ក្នុងទស្សនាវដ្ដី Global Risk Insights នៅតែចាត់ទុកតំបន់ មួយនេះ បាននិងកំពុងមានសភាពការណ៍តានតឹងឡើងវិញ ដែលពួកអ្នក វិភាគនៅក្នុងតំបន់នៅតែមើលឃើញថា នឹងមានសង្រ្គាម Malvinas/Falklands លើកទី២ កើតឡើងជាមិនខាននាពេលខាងមុខនេះ!។

          ភាពឈឺចាប់របស់ចិន ចំពោះអង់គ្លេស! និងមេរៀនដំណើរការចរចា សម្ងាត់ ដើម្បីយកមកវិញ ដែនដីដូនតា Hong Kong !

          ចាប់តាំងពីបណ្ដាឆ្នាំ១៩៥៨ ក្រុងប៉េកាំងចាប់មានប្រតិកម្មប្រឆាំងមកលើ ការខិតខំប្រឹងប្រែងរបស់អង់គ្លេសក្នុងការចង់បង្កើនសិទ្ធិអំណាច និងការកែសម្រួលនូវលក្ខន្តិកៈមួយចំនួនពាក់ព័ន្ធ ដល់អំណាចគ្រប់គ្រងមកលើ Hong Kong និងការប្ដេជ្ញាទាមទារអធិបតេយ្យភាព យក Hong Kong មកវិញរបស់អ្នកកាន់ អំណាចរបស់ចិន!។

          ដំណើរការជំនួបចរចាសម្ងាត់ របស់នាយករដ្ឋមន្រ្តី អង់គ្លេស Margaret Thatcher ជាមួយលោកប្រធានតេង ស៊ីវភីង ក្នុងបណ្ដាឆ្នាំ១៩៨២-៨៤ បាន ឈានទៅដល់ការសម្រេចជោគវាសនាចំពោះដែនដី Hong Kong ដែលជា ដែនដីមួយបាន ឃ្លាតឆ្ងាតពីមាតុភូមិចិន ជាង១០០ឆ្នាំត្រូវបានវិលត្រឡប់ មកវិញ ដោយពុំត្រូវការត្រូវមានការពិគ្រោះយោបល់ណាមួយជាមួយ ប្រជាជនហុងកុងឡើយ!

          ចិនបានគំរាមកំហែង អង់គ្លេស៣ដង ទាក់ទងដល់បញ្ហាហុងកុង!

Red thumbtack in a map pushpin pointing at Hong Kong city China

        ចាប់តាំងពីថ្ងៃបង្កើតឡើង សាធារណរដ្ឋប្រជាមានិតចិន ១៩៤៩ ពិតមែន តែប្រទេសទាំងពីចិន-អង់គ្លេស ឥតទាន់មានទំនាក់ទំនង ការទូតនៅឡើយ តែចិននៅតែមានការជួបប្រាស្រ័យ ទាក់ទង ជាមួយអង់គ្លេស ក្រៅផ្លូវការអំពី បញ្ហាហុងកុង!។

        នៅឆ្នាំ១៩៥៨ អង់គ្លេសមានផែនការ ចង់ប្រែក្លាយដែនដី ហុងកុង ឱ្យទៅ ជាដែនដីចំណុះរដ្ឋ(dominion) ដូចករណីសិង្ហបុរី និងដែនកោះអាណានិគម របស់អង់គ្លេសមួយចំនួន។ ដោយរូបភាពDominion មានសិទ្ធិស្វ័យគ្រប់គ្រង ទូលំទូលាយជាងរូបភាព Colony ហើយក្នុងអនាគតDominion មួយនេះអាច ទទួលបានឯករាជ្យភាព!។ ក៏ប៉ុន្តែ លោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន ពេលនោះបានប្រឆាំងដាច់ខាត ព្រមទាំងបានថ្កោលទោសអង់គ្លេសដោយ ចាត់ទុក រាល់ផែនការចង់ផ្លាស់ប្ដូរលក្ខន្តិកៈហុងកុង សុទ្ធតែជាអំពើអមិត្តទាំង អស់ចំពោះចិន!។

        ដោយមិនអាចសម្រេចបាននូវផែនការមួយនេះ អង់គ្លេសស្វែងរក វិធានការមួយផ្សេង ដោយបង្កើនសិទ្ធិប្រជាធិបតេយ្យ ឱ្យកាន់តែ មានភាព ទូលំទូលាយ ជាងមុនដល់ប្រជាពលរដ្ឋហុងកុង តែអំពើបំបែកបំបាក់​ដើម្បី គ្រប់គ្រងរបស់ អង់គ្លេសមួយនេះ ក៏រងការប្រតិកម្មប្រឆាំងយ៉ាងខ្លាំង ពី ចិនផងដែរ!។

          នៅឆ្នាំ១៩៦០ ចិនបានគំរាមកំហែងថានឹងវាយកាន់កាប់ហុងកុង ក្នុងករណីបើអង់គ្លេសនៅតែបន្តជាមួយនឹងគំនិតផ្ដួចផ្ដើមក្នុងការចង់បង្កើនអំណាចប្រជាធិបតេយ្យមកលើដែនដីហុងកុងនេះ!។

          ក្នុងដំណើរជួបចរចា ពីបណ្ដាឆ្នាំ១៩៨២៨៤ លោក តេង ស៊ីវភីង បានព្រមានហើយបានប្រាប់ទៅលោកស្រី Margaret Thatcher ថា បើអង់គ្លេសមិនប្រគល់សង ដែនដីហុងកុង គឺកងទ័ពប្រជាជនចិននឹង ធ្វើដំណើរចេញពីដែនដីគោកចិន ចូលទៅកាន់កាប់ដែនដីហុងកុង ដែលជាទឹកដីដូនតារបស់ប្រជាជាតិចិន នោះ!។

        ការជួបចរចាសម្ងាត់អំពីវាសនារបស់់ដែនដីហុងកុង!

        បន្ទាប់ពីឡើងកាន់អំណាចភ្លាមជានាយករដ្ឋមន្រ្តីអង់គ្លេសនាឆ្នាំ១៩៧៩ លោកស្រី Margaret Thatcher បានចាប់ផ្ដើមគិតគូរដោះស្រាយបញ្ហាអនាគត ហុងកុង ឱ្យបានមុនកាលកំណត់១៩៩៧!  ដោយអង់គ្លេសនៅរំពឹងថា ក្រោយពីការប្រគល់អធិបតេយ្យភាពរបស់ហុងកុងទៅឱ្យចិនប្រជាមានិតមក អង់គ្លេស នៅរក្សាសិទ្ធិគ្រប់គ្រងមួយចំនួនមកលើហុងកុងដដែល ក៏ប៉ុន្តែនៅខែ កញ្ញា ១៩៧៩ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅចិន លោក Percy Crodook បានរាយការណ៍មកប្រទេសថា អាជ្ញាធរចិនបានបដិសេធទាំងស្រុងនូវរាល់ គំនិត ផ្ដួចផ្ដើមទាំងនេះ!។

          ពេលនោះផងដែរ លោកស្រី Margaret Thatcher ត្រូវបានលោក លី ក្វាន់យូ នាយករដ្ឋមន្រ្តីសិង្ហបុរី ឱ្យយោបល់ថា អង់គ្លេសមិនត្រូវដកថយ សម្បទានជាមួយក្រុង ប៉េកាំងឡើយ! ក៏ប៉ុន្តែ មជ្ឈដ្ឋាននយោបាយនៅ ទីក្រុង ឡុងយល់ឃើញថា នេះគឺជាការយល់ខុសមួយបើគិតថា ចិនមិនហ៊ានធ្វើនោះ! ព្រោះចិនបានព្រមានអង់គ្លេស៣ដងហើយ ដូច្នោះចិនដាច់ខាតនឹងមាន សកម្មភាពឆ្លើយតបចំពោះអង់គ្លេសជាមិនខាន! សូមកុំមើលស្រាលនូវសកម្ម ភាពរបស់ចិន ចំពោះអ្វីដែលហៅថា អធិបតេយ្យ បូរណភាពទឹកដីនោះ!។

          នៅខែកុម្ភៈ ១៩៨២ លោក Edward Heath អតីតនាយករដ្ឋមន្រ្តី អង់គ្លេសបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ដោយលោកបានស្ដាប់នូវ ប្រសាសន៍របស់លោក តេង ស៊ីវភីង ដោយផ្ទាល់ថា ចិនឯកភាព ឱ្យហុងកុង ទទួលនូវលក្ខខណ្ឌជាតំបន់រដ្ឋបាលពិសេស ក៏ប៉ុន្តែចិនជាអ្នកគ្រប់គ្រងមកលើ អធិបតេយ្យភាពរបស់ហុងកុងជាដាច់ខាត!។

          មើលទៅដូចជាភាគីទាំងពីរជួបគ្នាដោយឯកភាពនៅត្រង់ចំណុចនេះ គឺភាពគង់វង្ស ស្ថិតស្ថេររបស់ខឿនសេដ្ឋកិច្ចពិសេស នឹងនាំមកនូវវិបុលភាព សំបូររុងរឿង សម្រាប់ហុងកុង ដែលនេះ ជារូបមន្តដែល អង់គ្លេស ចង់បានបំផុត បន្ទាប់ពី ហុងកុង ត្រូវបានប្រគល់សងទៅ ចិនប្រជាមានិត នោះ!។

ចាប់តាំងពីពេលនោះមក រាល់ដំណើរការចរចាសម្ងាត់ស្ដីពីបញ្ហាហុងកុង ពីឆ្នាំ ១៩៨៤ជុំវិញតែបញ្ហាធំគឺអធិបតេយ្យភាព(Sovereignty ) ស្ថិរភាព (stability) និងភាពសំបូររុងរឿង(Prosperity) ! ហើយដោយឡែកចំពោះតម្លៃរបស់ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សម្រាប់អ្នកហុងកុងនោះ ហាក់បីដូចជាពុំត្រូវបានពិភាក្សា រវាងភាគីទាំងពីរចិនអង់គ្លេសឡើយ!។

          នៅខែកញ្ញា ១៩៨២ លោកស្រី Margaret Thatcher ជានាយករដ្ឋមន្រ្តី អង់គ្លេសដំបូង ដែលបានបំពេញទស្សនកិច្ច នៅប្រទេសចិន តែពេលនោះ ជោគវាសនា របស់ហុងកុងនៅឥតទាន់បានសម្រេចនៅឡើយ!។ ហើយពិតមែនតែ ភាគីទាំងពីរចិនអង់គ្លេសពុំបាននិយាយដល់ ហុងកុង នៅឡើយ តែអង់គ្លេស ហាក់បីមានអារម្មណ៍ថា ចិនមានឥរិយាបថនយោបាយ យ៉ាងដាច់ខាតក្នុងការយកមកវិញចំពោះ ដែនដីដូនតា ហុងកុងដោយមិន រាថយឡើយ !។

          ក្នុងជំនួបសវនាការរវាងលោក Zhao Ziyang ជាមួយលោកស្រី Thatcher នាវិមានមហាជនថ្ងៃ២៣ តុលា ភាគីចិន បានសង្កត់ធ្ងន់អំពី អធិបតេយ្យភាព (Sovereignty)ជាអាទិភាពចម្បងនិងចំពោះមុខ ពុំមែនបញ្ហា Stability និងProsperity សម្រាប់ហុងកុងនោះទេ !។

        បន្ទាប់មកមួយថ្ងៃ លោក តេង ស៊ីវភីង ក្នុងជំនួបជាមួយលោកស្រី Thatcher គាត់បាននិយាយខ្លាំងជាងនេះ ដោយទុកពេលវេលាពីមួយ ទៅពីរ ឆ្នាំសម្រាប់អង់គ្លេសគិតគូរពិចារណាអំពីហុងកុង!ក្នុងឱកាសនេះ ចិននឹងប្រកាស នូវវិធានការក្នុងការដកហូតដែនដីហុងកុងមកវិញ ដោយមិនទុកឱ្យថេរវេលាហួសកាលកំណត់ឡើយ!។ ក៏ប៉ុន្តែក្រោយមក តាមការបង្ហើបឱ្យដឹងថា ក្នុងសៀវភៅ The Downing Street Years 1993 ដែលសរសេរដោយលោកស្រី Thatcher គឺលោក តេង ស៊ីវភីង បានគំរាមកំហែង ដោយផ្ទាល់ចំពោះលោកស្រី Margaret Thatcher ថា ចិនអាចយកកងទ័ព ចូលទៅដែនដីហុងកុង ក្នុងថ្ងៃនេះ( Walk in and take Hong Kong back later today) ក្នុងករណីបើចង់នោះ!។

លោកស្រី Margaret Thatcher ហាក់បីមានការភ្ញាក់ផ្អើល ចំពោះការនិយាយ យ៉ាងនេះរបស់លោក តេង ស៊ីវភីង ដោយលោកស្រី Margaret Thatcher ឆ្លើយតបទៅ វិញក្នុងស្មារតី បាត់ភាពម្ចាស់ការថា នេះគឺជាគោលបំណង របស់លោក តេង ស៊ីវភីង ចំពោះខ្ញុំ (Margaret Thatcher) ក៏ខ្ញុំ មិនអាចធ្វើអីបានដែរ តែនោះ គឺជាការចាប់់ផ្ដើមនៃការផ្ដួលរំលំទាំងស្រុង របស់ហុងកុង!។

        ចាប់ពីពេលនោះមក ពិភពលោកបានឃើញដោយផ្ទាល់ នូវការផ្ទេរ អំណាចដឹកនាំរបស់អង់គ្លេសទៅកាន់ចិនយ៉ាងណាហើយ!The world would then see what followed a change from British to Chinese Rule ?

          បន្ទាប់ពីចូលរួម ពិធីប្រគល់ដែនដីហុងកុងឱ្យទៅចិនប្រជាមានិតវិញ នាឆ្នាំ១៩៩៧ លោកស្រី Margaret Thatcher ហាក់បីឈប់នឹកនា វិលមកជាន់ ដីហុងកុងទៀតដែលទោះបីជាលោកស្រីនៅមានអនុស្សាវរីយ៍និងការអាលោះអាល័យយ៉ាងច្រើន បានបន្សល់ទុកមកលើដែនដីហុងកុង ដែលបានស្ថិតនៅជាមួយអង់គ្លេសអស់រយៈ កាលជាង១៤៥ឆ្នាំ នោះ!។

          អំណាចរបស់ចិន ក្នុងសតវត្សរ៍ទី២១ និងវិធានការឆ្លើយតប របស់ចិន ចំពោះអំណាចអមិត្ត ក្នុងការចង់បំផ្លាញសេចក្ដីសុខ របស់ប្រជាមានិតចិន!

        ចិន បានធ្វើយ៉ាងដូច្នោះ ចំពោះវៀតណាមនៅឆ្នាំ១៩៧៩ ពេលដែល វៀតណាម លើទ័ពចូលមកកម្ពុជា ដោយចិន បានចាត់ទុកនេះ ជាការដាក់វិន័យ ផ្ដល់មេរៀនឱ្យវៀតណាម ក្នុងការយកទ័ពចូលលុក លុយប្រទេសកម្ពុជា! តែបើ ពិនិត្យជាទូទៅ នេះពុំមែនជាលក្ខណៈ ពិសេសរបស់ចិនឡើយ! ឱ្យតែជាប្រទេសធំ តែងតែធ្វើយ៉ាងដូច្នោះមកលើពួកប្រទេសRouge States ហើយ ក្រោយមកប្រទេសធំតែងតែបង្កើតឱ្យមានទឡ្ហីករណ៍នយោបាយដើម្បី ការពារនូវអំពើដែលខ្លួន បានប្រព្រឹឹត្តមកលើនោះ! ដូចករណីពួកអង់គ្លេសធ្វើ ដំណើរជាង ១ម៉ឺនគីឡូម៉ែត្រ ដើម្បីច្បាំងនិងកាន់កាប់កោះ Malvinas/Falklands ពីប្រជាជាតិអាហ្សង់ទីនដែលពួកខ្លួនបានកាន់កាប់ ខុសច្បាប់ជិត២០០ឆ្នាំ! ករណីអាមេរិកនិងពួកNATO នាំគ្នាសម្រុកចូល យូហ្គោស្លាវី ហើយនាំគ្នាបំបែក កូសូវ៉ូចេញពីទឹកដីក្រោមហេតុផលថា ដើម្បីការពារនិគមជនអ៊ីស្លាមរួចផុតពី ការប្រល័យពូជសាសន៍! ការយកទ័ពចូលអ៊ីរ៉ាក់របស់អាមេរិកនិងកងទ័ពសម្ព័ន្ធ មិត្តក្រោមលេស ថាអ៊ីរ៉ាក់មានអាវុធប្រល័យលោក រួចចូលអាហ្កានីស្ថាន ថាដើម្បីកម្ទេចបណ្ដាញភេរវកម្មអន្តរជាតិ។ ចំពោះរុស្ស៊ីវិញបានវាយចូល Gruzia រួចបំបែកតំបន់Ussetia ភាគខាងត្បូង និងAbkhazia ចេញពីទឹកដីនេះ ក្រោយមកក៏បានលើកទ័ពចូលកាន់កាប់តំបន់គ្រីមា ដោយយកលេសថា ដើម្បីការពារផលប្រយោជន៍របស់ជនជាតិរុស្ស៊ី។ រាល់សកម្មភាពយោធានិងអំពើឈ្លានពានរបស់ ពួកប្រទេសធំទាំងនេះ សុទ្ធតែបានអាងដោយផ្អែកមកលើច្បាប់អន្តរជាតិ! តែច្បាប់ទាំងនេះ គឺអនុលោមទៅតាមការពន្យល់ បកស្រាយរបស់ពួកប្រទេស ធំទាំងអស់នោះ!។

          ក្នុងសម័យកាលនេះ បញ្ហាកាន់កាប់ទឹកដី ការបែងចែកទឹកដី ក្រោយសង្រ្គាមលោកលើក ទី២ និងការគោរពនូវគោលការណ៍Uti Posidetis លែងចង់មានភាពគតិយុត្តរឹងមាំ លើផ្លូវច្បាប់ បើប្រទេសរបស់យើងមាន អំណាច និងមានការរីកធំធាត់លើគ្រប់វិស័យនោះ! ដោយអ៊ីស្រាអែល បន្ទាប់មករុស្ស៊ីជាមេរៀនជាក់ស្ដែងបំផុត ក្នុងការអនុវត្តន៍នូវអំណាចមិនគោរព គោលការណ៍Uti Posidetis  មួយនេះ!។

          ក្នុងបរិបទរបស់សន្តិភាព ក្ដៅនៃយុគ្គសម័យខាងលិចធ្លាក់ចុះ-ខាងកើត ងើបឡើងយ៉ាងដូច្នោះ ពួកប្រទេសតូច និងជាជនរងគ្រោះដោយប្រវត្តិសាស្រ្ត ហើយបច្ចុប្បន្នត្រូវបានគាំទ្រទៅដោយអំណាចណាមួយពីខាងក្រៅ ប្រទេស តូចនោះលែងអស់សង្ឃឹម ដែលយ៉ាងហោចណាស់ នៅ រឹងមាំ រក្សាបាន ឥស្សរភាព ឈរបានយ៉ាងរឹងមាំនៅចំពោះមុខពីអំណាចអគតិចង់បន្ត រំលោភមកលើ!។

          សតវត្សរ៍ទី២១ ដែលជាសករាជរបស់មហាអំណាច យក្សចិន គឺប្រជាជាតិ អាហ្សង់ទីនដាច់ខាត និងយកប្រជុំកោះMalvinas មកវិញ ក្រោយពីចក្រពត្តិអង់គ្លេសកាន់កាប់ជិត២០០ឆ្នាំ ដោយមានការគាំទ្រពេញទំ ហឹងពីចិននោះ។

          កោះត្រល់ និងកម្ពុជាក្រោម សុទ្ធតែជាដែនដីដ៏ពិសិដ្ឋរបស់ អាណាចក្រខ្មែរ បានស្ថិតនៅក្នុងក្ដី ស្រមៃរបស់កូនខ្មែរគ្រប់រូប! ដែលថ្ងៃ ណាមួយអ្នកវិលមកជួបជុំក្នុង មហាគ្រួសារខ្មែរ របស់យើងវិញ!៕

                                                 ដោយ ហើស សិរិធន់

To Top