ឃើញគេមានទុក្ខក្តុកចិត្តអាសូ កុំកាយកកូរនាំស្នូររំខាន កុំខំឈ្នានិសត្រិះរិះសាមាន្យ ភ្លេចមើលមកប្រាណស្មានខ្លួនអស្ចារ្យ។
កុំធ្វើជាមនុស្សព្រួសតែសម្តី ទៅទាំងអប្រីយ៍ទាំងក្តីមុសា ក្នុងចិត្តប្រតិព័ទ្ធស្ទាត់រឿងឥតការ ជេរស្តីមហាអាចារ្យសុំខ្មាស់។
ងាកមើលមកផ្ទះឆ្នាំងបាយក្រហែត ឬកវិញស្តាំងស្តែតច្រែតៗតែផ្តាស់ ក្មេងមិនចំក្មេងចាស់មិនចំចាស់ ពិបាកខ្លាំងណាស់គឺខ្វះតម្លៃ។
កុំរវល់ប្រមាថនាំខាតវេលា កុំរវល់ឈ្លោះគ្នាក្លាយជាអប្រីយ៍ ពាក្យថាចំណេះត្រូវត្រិះពិចៃ គឺគួរគប្បីលកលៃសិក្សា។
ពាក្យចាស់បុរាណលោកបានផ្តែផ្តាំ គួរតែចងចាំបណ្តាំថ្លៃថ្លា “វៀចកុំបោះបង់ ត្រង់កុំចោលណា” មានន័យពិស្តារគ្រប់កាលវេលា។
កុំប្រមាថគេមាសមេនៅខ្សោយ កុំបីបណ្តោយឱ្យខ្លួនក្លាយជា មនុស្សអប្បលក្ខណ៍ច្រវាក់វ័ណ្តទារ ខ្លាំងមហិមាប្រែជាអវីចី។
គួរប្រកាន់ខ្ជាប់នូវទ្រព្យចរិយា ពាក្យពេចន៍វាចារឱ្យថ្លាប្រពៃ សីលធម៌ គុណធម៌នាំគុណតម្លៃ សុខដុមសិរីគ្មានអ្វីប្រៀបបាន។
ដោយៈ ប៉ែន ផលពិសិដ្ឋ