ដំណឹងដ៏គួរឱ្យរីករាយមួយត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ២២ ខែ វិច្ឆិកានេះ ស្របនឹងការប្រារព្ធធ្វើកិច្ចប្រជុំកំពូលចិន -អាស៊ានដើម្បីរំលឹកខួបអនុស្សាវ រីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ ។
បន្ទាប់ពីការចុះហត្ថលេខាបានជាងមួយឆ្នាំ កិច្ចព្រមព្រៀងនេះបានកំណត់ពីពេលវេលាជាក់លាក់នៃការចូលជាធរមានជាផ្លូវការ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិននិងកម្ពុជានឹងឈានចូលក្នុងយុគសម័យថ្មីដែលកាន់តែស្អិតល្មួត ងាយស្រួល សេរី រស់រវើក និងមានកម្រិតខ្ពស់ ។
អនុលោមតាមខ្លឹមសារពាក់ព័ន្ធនៃកិច្ចព្រមព្រៀងនេះ ទំនិញលើសពី ៩០ ភាគរយនឹងត្រូវលើកលែងពន្ធគយទៅវិញទៅមក ប្រការនេះមានអំណោយផលដល់ការបញ្ចុះដើមទុនផលិតកម្មរបស់សហគ្រាសទ្វេភាគី ដែលមានន័យថានឹងនាំមកជូនអ្នកប្រើប្រាស់នៃប្រទេសទាំងពីរនូវផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យជាងមុន ពោលគឺនឹងនាំមកនូវផលប្រយោជន៍ជូនទាំងសហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងខ្លួនផងដែរ ។
ក្រៅពីជំរុញពាណិជ្ជកម្មទំនិញ កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ធុរកិច្ចអេឡិចត្រូនិក និងបច្ចេកវិទ្យាជាដើម ពិសេសគឺការសិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ» ដែលអាចនិយាយបានថាជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិននិងកម្ពុជា ។
ជាការពិតណាស់ ទីផ្សារដែលមានចំនួនប្រជាជន ១,៤០០ លាននាក់របស់ប្រទេសចិននឹងផ្តល់នូវវេទិកាដ៏ធំទូលាយសម្រាប់វត្តមានរបស់ផលិតផលខ្មែរ ជាពិសេសគឺកសិផល ។ ប្រជាកសិករកម្ពុជាដែលកន្លងមកតែងជួបប្រទះនឹងបញ្ហាខ្វះខាតទីផ្សារ នឹងទទួលបានទីផ្សារដ៏ធំតាមរយៈការលើកកម្ពស់ស្តង់ដាគុណភាពនៃកសិផលរបស់ខ្លួន ។ ល្គឹកណាដែលកសិផលរបស់បងប្អូនប្រជាកសិករខ្មែរត្រូវបាននាំចេញទៅប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងនេះ ល្គឹកនោះប្រាក់ចំណូលរបស់ ពួកគាត់ក៏នឹងកើនឡើងដែរ ហើយជីវភាពដែលបានធូរធារឡើងនឹងជួយ ឱ្យពួកគាត់ចាកចេញពីភាពក្រីក្រ ដែលស្របតាមទិសដៅកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។
អ្វីដែលគួររំលឹកគឺនៅថ្ងៃ ២២ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនង សន្ទនារវាងអាស៊ាននិងចិន ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិននិងអាស៊ានបានរួម គ្នាប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ក្នុងនាមជាមិត្តដែកថែបរបស់ចិន និងជាសមាជិកមួយរបស់អាស៊ាន កម្ពុជានឹងទទួលបានផលប្រយោជន៍ទ្វេដងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិននិងចិន-អាស៊ាន ។
ទំនាក់ទំនងសន្ទនារវាងអាស៊ាននិងចិន បានដើរឆ្លងកាត់រយៈពេល៣០ឆ្នាំ ដែលប្រកបដោយលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ បើទោះបីជាក្នុងដំណើរនេះកើតមានភាពរកាំរកូសបន្តិចបន្តួចក្តី ក៏ប៉ុន្តែភាគីទាំងពីរបានប្រកាន់ខ្ជាប់ស្មារតីដោះស្រាយបញ្ហាតាមការពិគ្រោះពិភាក្សាដោយសន្តិវិធីរហូត បានឈានដល់គំនិតឯកភាពរួមជាបន្តបន្ទាប់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូលនេះថា អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតល្មួតប្រកប ដោយសាមគ្គីភាពនិងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់ទាំងពីរ ។
ចំណែកឯលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកពីសំណើ ៤ ចំណុចដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាស៊ាននាពេលអនាគត ពោលគឺទី១ គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ទី២ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។ ទី៣ ជួយគ្នាទៅវិញទៅមក ។ ទី៤ បរិយប័ន្ននិងរៀនសូត្រពីគ្នា ដើម្បីរួមគ្នាកសាងតំបន់និយមដែលបើកទូលាយ ។
ជាក់ស្តែងគឺដូចអ្វីដែលយើងទាំងអស់គ្នាបាន មើលឃើញយ៉ាងប្រចក្សហើយថា មិនថាការឈានដល់ការសម្រេចបាន នូវការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ឬក៏សហគមន៍រួមវាសនាចិន-អាស៊ានក្តី ប្រទេសចិនគឺជាតួអង្គនិងជាកម្លាំងចលករសំខាន់ដែលមិនអាចខ្វះបាន ។ គោលនយោបាយរួមរស់នៅដោយសន្តិសហវិជ្ជមាន ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់ចិន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមក្នុងតំបន់និងពិភពលោក ហើយការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្ស ជាតិគង់នឹងអាចសម្រេចបានជាមិនខាន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលនៃវិទ្យុមិត្តភាពកម្ពុជា-ចិន