ភ្នំពេញ៖ “សូម្បីតែដើមណូអែលក៏គេចមិនផុតពីភាព ច្របូកច្របល់នៃសេដ្ឋកិច្ចឆ្នាំ២០២១ដែរ ។” កាសែត The Washington Post បានចុះផ្សាយដូចពោលខាងលើនេះ ។ យោងទៅតាមការព្យាករណ៍នៃសហគមន៍ដើមណូអែលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ឆ្នាំនេះ ដើមណូអែលបានឡើងថ្លៃពី១០ដល់៣០ភាគរយ រហូតដល់មានឥស្សរជនជំនាញបានផ្តល់យោបល់ឱ្យជនជាតិអាមេរិកថា “គួរតែឆាប់ទិញ កុំរង់ចាំដល់មុនបុណ្យណូអែលប៉ុន្មានថ្ងៃ”ហើយ “កុំជ្រើសរើសច្រើនពេក មិនថាធំឬតូច ចេះបត់បែនបន្តិចទៅ”។
ដើមណូអែលឡើងថ្លៃគឺជាបាតុភាពមួយដែលអាចបង្ហាញថា ការចំណាយក្នុងជីវភាពរស់នៅរបស់ជនជាតិអាមេរិកបន្តកើនឡើងទៀត ។ នៅខែវិចិ្ឆកា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានឡើងដល់៦.៨ភាគរយ ដែលបង្កើតកំណត់ត្រាខ្ពស់ថ្មីមួយក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ ។ អតិផរណាបាន “យកទៅ”នូវចំនួនប្រាក់ខែដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ហើយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ។ មនុស្សជាច្រើនបានធ្លាក់ចូលក្នុងភាពទទីសទទាសនៅពេលដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ ។
មនុស្សដែលគ្មានប័ណ្ណប្រាក់ខែនិងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ហើយក៏កាន់តែពិបាកឆ្លងបុណ្យណូអែលនេះដែរ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងឱ្យដឹងថា ជនជាតិអាមេរិកចំនួនជាង២១លាននាក់គ្មានចំណីអាហារហូបចុកគ្រប់គ្រាន់នៅដើមខែធ្នូនេះ ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ហើយផ្ទះបានឡើងថ្លៃ អ្នកមានទ្រព្យដែលបានឈរលើកំពូលខ្សែទ្រព្យសម្បត្តិទាំងនោះកាន់តែមានឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី Forbes បានជ្រើសរើសមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាងមួយរយលានដុល្លារអាមេរិកចំនួន១០នាក់ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុតនៅលើទូទាំងពិភពលោកឆ្នាំ២០២១ ក្នុងនោះ មានមហាសេដ្ឋី៦នាក់មកពីសហរដ្ឋអាមេរិក ។ គិតមកទល់ថ្ងៃទី១០ខែធ្នូ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង៣សែន៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលគិតជាមធ្យមប្រាក់ទុនសុទ្ធរបស់មនុស្សម្នាក់ៗបានកើនឡើង៥១ភាគរយ ។
ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរីករាលដាល គម្លាតរវាងអ្នកមាននិងអ្នកក្រីក្ររបស់សហរដ្ឋអាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស ។
បើមើលពីសំបកក្រៅឃើញថា មូលហេតុដែលជនជាតិអាមេរិកពិបាកអបអរសាទរបុណ្យណូអែលគឺពាក់ព័ន្ធនឹងកត្តាដូចជាតម្លៃទំនិញឡើងថ្លៃនិងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម តែតាមការពិត គឺបណ្តាលមកពីអសមត្ថិភាពរបស់អ្នកនយោបាយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការអនុវត្តគោលនយោបាយរូបិយវត្ថុហិរញ្ញវត្ថុដែលមិនទទួលខុសត្រូវ គឺជាលទ្ធផលចៀសមិនរួចដែលបណ្តាលមកពីការតម្កល់ទុកផលប្រយោជន៍នយោបាយខ្ពស់ជាងផលប្រយោជន៍របស់ប្រជាជន ។
នៅសហរដ្ឋអាមេរិកដែលស្ថិតក្នុងបរិបទជំងឺកូវីដ១៩ សណ្តាប់ធ្នាប់សង្គមដែលប្រាក់ទុនមានអាទិភាព និងអ្នកមានទ្រព្យមានសិទ្ធិខ្ពស់ជាងគេកាន់តែរីករាលដាលទៅៗ ដូច្នេះ ជនជាតិអាមេរិកមានការព្រួយបារម្ភនិងអារម្មណ៍អស់កម្លាំងកាន់តែធ្ងន់ធ្ងរ ។ អ្នកនយោបាយក្រុងវ៉ាស៊ីនតោនដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ គួរតែទទួលខុសត្រូវចំពោះបុណ្យណូអែលឆ្នាំនេះដែលមានសភាពលំបាកសម្រាប់ជនជាតិអាមេរិកធម្មតា ៕