ថ្ងៃទី១២ ខែកុម្ភៈតាមម៉ោងកក្នុងតំបន់ ខណៈពេលទាក់ទងតាមទូរស័ព្ទជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី លោក បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងម្តងទៀតថា បើសិនជារុស្ស៊ី “ចូលឈ្លានពាន”អ៊ុយក្រែន នោះអាមេរិកនិងសម័្ពន្ធមិត្តរបស់អាមេរិកនឹងធ្វើឱ្យរុស្ស៊ីបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ នៅថ្ងៃដដែល លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានឆ្លើយតបថា និយាយពីសភាពការណ៍បច្ចុប្បន្ន “ក្នុងដែនអ៊ុយក្រែន មិនបានផ្ទុះសង្គ្រាមទាំងស្រុងនោះទេ ” ។
នាពេលថ្មីៗកន្លងមក ការខ្វែងគំនិតអំពីបញ្ហាអ៊ុយក្រែនរវាងអាមេរិកនិងប្រទេសលោកខាងលិចជាមួយរុស្ស៊ីបានឡើងកម្តៅឥតឈប់ឈរ ។ អ្វីដែលគួរឳ្យចម្លែកនោះ គឺក្នុងនាមជាសាមីប្រទេស រុស្ស៊ីនិងអុយក្រែនបានសម្តែងម្តងហើយម្តងទៀតថាមិនចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែក្នុងនាមជាប្រទេសនៅក្រៅតំបន់នេះ អាមេរិកបែរជាបានឃោសនាបំប៉ោងពីបរិយាកាសដែល“ជិតនឹងផ្ទុះអាវុធ” ។ មន្ត្រីនិងប្រព័ន្ធសារព័ត៌មានអាមេរិករួមសហការគ្នា ដើម្បីធ្វើឱ្យអ្នកផងមានអារម្មណ៍ថា អាមេរិក“ខ្លាចក្រែងតែរុស្ស៊ីនិងអុយក្រែនមិនផ្ទុះអាវុធ” ។
ពិតមែនតែអាមេរិកបានបង្កបង្កើតភាពភ័យខ្លាចនៃសង្រ្គាមជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែមតិអន្តរជាតិជាច្រើនបានវិភាគថា ហានិភ័យដែលបណ្តាលឱ្យវិបតិ្តរវាងរុស្ស៊ីនិងអ៊ុយក្រែនក្លាយជាសង្គ្រាមគឺតិចតួចណាស់ ពីព្រោះភាគីទាំងអស់សុទ្ធតែដឹងច្បាស់ថា សង្គ្រាមនឹងកើតមានហានិភ័យដែលមិនអាចគ្រប់គ្រងបាន ។
បំណាច់ជាបែបនេះ ហេតុអ្វីបានជាអាមេរិកបានឃោសនាបំប៉ោងម្តងហើយម្តងទៀតពីការគំរាមកំហែងដែលរុស្ស៊ីនឹង “ចូលឈ្លានពាន”អ៊ុយក្រែន ? មូលហេតុដំបូងគឺមកពីអាមេរិកប៉ុនប៉ងពង្រីកការ “គំរាមកំហែង”របស់រុស្ស៊ី ដើម្បីបង្កជាភាពតានតឹងខាងយុទ្ធសាស្ត្រនៅអឺរ៉ុប ក្នុងន័យបណ្តាលឱ្យប្រទេសអឺរ៉ុប ជាពិសេសគឺប្រទេសអឺរ៉ុបខាងកើតនិងសាធារណរដ្ឋនៃអតីតសហភាពសូវៀតកាន់តែស្តាប់បទបញ្ជារបស់ខ្លួន ។
បន្ទាប់មក “ការយកបានផលប្រយោជន៍”តាមរយៈការអុចអាលវិបតិ្តសង្គ្រាមនិងការញុះញង់ឱ្យបដិបក្ខគ្នា ជាឧបាយកលដែលអាមេរិកតែងតែប្រើប្រាស់ ។ តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីវិបតិ្តអ៊ុយក្រែនឡើងកម្តៅ ក្រៅពីបានដឹកជញ្ជូនអាវុធជាច្រើនទៅកាន់អ៊ុយក្រែន អាមេរិកក៏បានអនុញ្ញាតឱ្យប្រទេសទាំងបីនៅសមុទ្របាល់ទិចផ្ទេរគ្រាប់មីស៊ីលនិងអាវុធផ្សេងទៀតដែលផលិតដោយអាមេរិកទៅឱ្យអ៊ុយក្រែន ។ វាច្បាស់ណាស់ថា នៅពីក្រោយប្រការទាំងនេះបានបង្កប់ផលប្រយោជន៍របស់ក្រុមសាជីវកម្មឧស្សាហកម្មយោធារបស់អាមេរិក ។
ប្រការទាំងនេះអាចឃើញថា អាមេរិកដុតភ្លើងបន្ថែមក្នុងបញ្ហាអ៊ុយក្រែន គឺសំដៅចំពោះរុស្ស៊ី ប៉ុន្តែតាមពិតទៅ គឺចង់ដាក់ទណ្ឌកម្មទៅលើសម្ព័ន្ធមិត្តអឺរ៉ុបទៅវិញទេ ។ នេះក៏ជាមូលហេតុដែលអ្នកដឹកនាំនៃប្រទេសអាល្លឺម៉ង់និងបារាំងបានធ្វើកិច្ចសន្ទនាការទូតជាញឹកញាប់ក្នុងពេលថ្មីៗកន្លងមក ដែលមានបំណងចង់បន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនេះ ។ ពីព្រោះ ពួកគេដឹងច្បាស់ណាស់ថា ល្គឹកណានៅដែនដីអឺរ៉ុបកើតមានសង្គ្រាម នោះអាមេរិកក៏អាចឱបដៃឈរមើលភ្លើងសង្គ្រាមពីម្ខាងទៀត ហើយអ្នកស៊យជាងគេគឺទ្វីបអឺរ៉ុបខ្លួនឯង ។
បច្ចុប្បន្ន ដំណើរវិវឌ្ឍរបស់វិបតិ្តអ៊ុយក្រែន ហាក់ដូចជាការសម្តែងឆាកល្ខោនរបស់អាមេរិកដែលបានបន្ថែមឈុតឆាកជាបន្តបន្ទាប់ ។ ប៉ុន្តែ កលល្បិចរបស់អាមេរិកមិនអាចបោកបញ្ឆោតពិភពលោកបានទេ ។ ការសម្តែងឆ្កួតឡប់របស់អាមេរិកនឹងធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ថា៖ ហានិភ័យខាងសន្តិសុខធំបំផុតនៅលើពិភពលោក គឺអាមេរិកដែលបានជាប់គាំងទាំងក្នុងនិងក្រៅស្រុក ហើយប៉ិនប្រើគ្រប់កលល្បិចហ្នឹងឯង៕