អត្ថបទស្រាវជ្រាវ (scholar)

មហាសន្និបាតទាំង​ពីរ​ គឺជានិមិត្តរូបនៃកិច្ចដំណើរការប្រជាធិបតេយ្យ ដែលមានចរិតលក្ខណៈ ចិន

នៅថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២២នេះ សភាប្រឹក្សា​នយោបាយប្រជាជនទូទាំងប្រទេស​ចិន និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន បាន​បើកសម័យប្រជុំ​ប្រចាំឆ្នាំរបស់ខ្លួន ដែលជាទូទៅត្រូវគេហៅថា មហាសន្និបាត​ទាំងពីរ​ ។ មហាសន្និបាត​ទាំងពីរ​ គឺជាព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំធំជាងគេបំផុតនៅក្នុងប្រទេសចិន ដោយអ្នកតំណាងប្រជាជនប្រហែល៣០០០នាក់ និងអ្នកពិគ្រោះយោបល់នយោបាយប្រហែល២០០០នាក់ ធ្វើដំណើរមកពីគ្រប់តំបន់នៅក្នុងប្រទេសចិន មកកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមសម័យប្រជុំទាំងពីរអង្គនេះ។  

សភាតំណាងប្រជាជនទូទាំងប្រទេសចិន មានចរិតលក្ខណៈដូចជាសភាជាន់ខ្ពស់​នៅក្នុង​ប្រទេសដទៃ ចំណែកឯសភា​ប្រឹក្សា​នយោបាយប្រជាជនទូទាំងប្រទេស​ចិន បំពេញតួនាទីដូចជាសភាជាន់ទាប​ ដោយដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងកិច្ចដំណើរការប្រជាធិបតេយ្យបែបសង្គមនិយម តាមរយៈការផ្ដល់យោបល់ជូនដល់ស្ថាប័ននីតិប្រតិបត្តិ       ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ និងលើកនូវសំណើនានាពាក់ព័ន្ធនឹងបញ្ហាសង្គមនិងបញ្ហានយោបាយសំខាន់ៗ។

របៀបវារៈសំខាន់ៗមួយចំនួនសម្រាប់សម័យប្រជុំទាំងពីរក្នុងឆ្នាំនេះ គឺការពិនិត្យវាយតម្លៃលើសមិទ្ធផលដែលរដ្ឋាភិបាលចិនសម្រេចបាននាឆ្នាំកន្លងមក និងការវិវត្តរីកចម្រើននៃកិច្ចដំណើរការអនុវត្តផែនការប្រាំឆ្នាំលើក ទី១៤ (២០២១ – ២០២៥) ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។ គេរំពឹងថា នៅក្នុងចំណោមសមិទ្ធផលលេចធ្លោនានា ការសម្រេចគោលដៅទីមួយនៃខួបមួយរយឆ្នាំ នៃការកសាងសង្គមចិនឲ្យក្លាយជាសង្គមមួយដែលមានភាពរីកចម្រើនរុងរឿងកម្រិតមធ្យម  ភាពរឹងមាំរបស់សេដ្ឋកិច្ចចិនក្នុងការទប់ទល់​នឹងវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសចិនអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច៨.១% ក្នុងឆ្នាំ២០២១ ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារ បាន​ត្រូវលើកមកបង្ហាញនៅក្នុងសម័យប្រជុំទាំងពីរនេះ។ ទន្ទឹមនឹងនេះ សម័យប្រជុំទាំងពីរ ក៏បាន​ផ្ដោតការពិភាក្សាទៅលើ ទិសដៅគោលនយោបាយ ផែនការនិងអាទិភាពនានា ដែលប្រទេសចិននឹងអនុវត្តនៅក្នុងឆ្នាំ២០២២នេះ។ ដោយអាទិភាពចម្បងចំពោះមុខសម្រាប់ឆ្នាំ២០២២ គឺការរក្សាស្ថេរភាពនៃកំណើនសេដ្ឋកិច្ចឲ្យបាននៅក្នុងចន្លោះពី៥% ទៅ ៥,៥%។ ប្រទេសចិនសម្រេចបាននូវគោលដៅទីមួយនៃខួបមួយរយឆ្នាំរបស់ខ្លួន​រួចហើយ សម័យប្រជុំទាំងពីរអង្គ បានផ្តោតការពិភាក្សាទៅលើការសម្រេចគោលដៅទីពីរនៃខួបមួយរយឆ្នាំ ដែលមានគោលដៅកសាងប្រទេសចិនឲ្យក្លាយជាប្រទេសសង្គមនិយមទំនើបមួយ នៅត្រឹមឆ្នាំ២០៤៩។  

សម័យប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នកំពូលទាំងពីរនេះ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធប្រជា  ធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិន។ ប្រទេសចិនមិនបានចម្លងគំរូប្រជា   ធិបតេយ្យរបស់បស្ចិមលោកនោះឡើយ ប៉ុន្តែប្រទេសចិនបានបង្កើតគំរូថ្មីមួយ ដែលមាននាមថា ប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិន ខុសប្លែកពីគំរូប្រជាធិបតេយ្យផ្សេងៗទៀត។ ប្រទេសចិន យល់ឃើញថាប្រទេសនីមួយៗមានសិទ្ធិជ្រើស រើសគំរូប្រជាធិបតេ-យ្យផ្ទាល់របស់ខ្លួន ដោយផ្អែកលើប្រវត្តិសាស្រ្ត សេដ្ឋកិច្ច វប្បធម៍ ប្រពៃណី ស្ថានភាពសង្គមនិងជាតិ របស់ខ្លួន។ ​

គំរូប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិន ផ្ដោតលើប្រជាជននិងចាត់ទុកប្រជាជនជាគោល ដៅចម្បងនៃការអភិវឌ្ឍ ផ្ដោតលើការពិគ្រោះយោបល់ដ៏ទូលំទូលាយដែលត្រូវអនុវត្តដោយសភាតំណាងប្រជាជនគ្រប់ជាន់ថ្នាក់ ស្ថាប័នរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់   សភាប្រឹក្សា​នយោបាយប្រជាជន​គ្រប់ជាន់ថ្នាក់ អង្គការប្រជាជន    និងអង្គការ​សង្គមនានា និងសហគមន៍មូលដ្ឋាន។ និយាយម្យ៉ាងទៀត គំរូប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិន អាចហៅថាជាគំរូប្រជាធិបតេយ្យគ្រប់ជ្រុងជ្រោយ ដោយប្រជាជនអាចចូលរួមគ្រប់កិច្ចដំណើរការទាំងអស់នៃអភិបាលកិច្ច ដែលរួមមាន ការបោះឆ្នោត ការពិគ្រោះយោបល់ ការសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យ។​

​ជាញឹកញាប់ បស្ចិមប្រទេសយល់ខុសថា ប្រទេសចិនមិនមានកិច្ចដំណើរការប្រជា              ធិបតេយ្យ​នោះឡើយ ពីព្រោះពួកគេច្រឡំថាប្រទេសចិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិនតែមួយគត់។ ប៉ុន្តែតាមការពិត ប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិន គឺជាប្រព័ន្ធមួយដែលមានកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយជាច្រើន និងផ្អែកលើការពិគ្រោះ​យោបល់ដ៏ទូលំទូលាយ​ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ ​នាពេលបច្ចុប្បន្ន ប្រទេសចិនមានបក្សនយោបាយចំនួន៩ ដោយបក្សកុម្មនីស្តចិនគឺជាបក្សកាន់អំណាច ហើយបក្សនយោបាយចំនួន៨ផ្សេងទៀត មានសិទ្ធិចូលរួមពេញលេញក្នុងការចូលរួមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។ ប្រព័ន្ធនេះផ្ដោតជាចម្បងលើការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប៉ុន្តែអនុញ្ញាតឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីបក្សផ្សេងៗទៀត និងបុគ្គលដែលមិនមានទំនាក់ទំនងជាមួយបក្សនយោបាយមកពីគ្រប់តំបន់ គ្រប់វិស័យនិងក្រុមជនជាតិទាំងអស់នៅក្នុងប្រទេសចិន ក្នុងការពិភាក្សានិងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។

នៅក្នុងប្រព័ន្ធនយោបាយរបស់បស្ចិមប្រទេសដែលផ្អែកលើការបោះឆ្នោតដែលមានបក្សនយោបាយច្រើនចូលរួម បក្សនយោបាយផ្ដោតជាចម្បងលើការទាក់ទាញយកសន្លឹកឆ្នោតពីប្រជាជន ដោយធ្វើការសន្យាជាច្រើន។ តែផ្ទុយទៅវិញ ប្រព័ន្ធប្រជាធិបតេយ្យបែបសង្គមនិយមរបស់ប្រទេសចិន គឺជាប្រព័ន្ធមួយដែលប្រជាជនអាចចូលរួមគ្រប់កិច្ចដំណើរការទាំងអស់នៃកិច្ចដំណើរការអភិបាលកិច្ចនិងការសម្រេចចិត្តរបស់ប្រទេស។ ប្រព័ន្ធប្រជាធិបតេយ្យបែបនេះ ឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន ដោយអ្នកដឹកនាំអនុវត្តសកម្មភាពពិតប្រាកដ មិនមែនធ្វើការសន្យាខ្យល់តែនៅក្នុងអំឡុងពេលនៃការបោះឆ្នោត នោះឡើយ។​ ប្រព័ន្ធនយោបាយរបស់ចិន អាចបញ្ចៀសបាននូវផលវិបាកដែលថា បក្សនយោបាយនានា ផ្ដោតតែទៅលើផលប្រយោជន៍របស់បក្សខ្លួន មិន យក ចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រជាជន គិតផ្ដោតតែទៅលើការយកជ័យជំនះលើបក្សនយោបាយដែលជាគូប្រជែង ដោយមិនគិតគូរសហការរួមគ្នាដើម្បីសុខមាលភាពរបស់ប្រជាជន។​

ប្រព័ន្ធប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិននេះ បានរំដោះ ប្រជាជន​​ ចិនជិត៨០០លាននាក់ ឲ្យចាកចេញផុតពីភាពក្រីក្រក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ បានលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរនៅក្នុងប្រទេសចិន និងកំពុងរុញច្រានប្រទេសចិនឲ្យសម្រេចបាននូវគោលដៅទីពីរនៃខួបមួយរយឆ្នាំរបស់ខ្លួន ដែលជាផ្នែកមួយដ៏សំខាន់នៃសុបិនចិន។​

To Top