SEA GAME

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យអាជ្ញាធរ ធានាសុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាន គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាដល់អាជ្ញាធរ ត្រូវធានាដាច់ខាតចំពោះសុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ ខណៈកម្ពុជា ត្រៀមកងកម្លាំង ចំនួន ២៣.៧៥១នាក់។

ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «គោលបំណងទីមួយ ត្រូវធានាដាច់ខាតនូវ សុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត ។ គោលបំណងទីពីរ លើកកិត្យានុភាព របស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ ព្រឹត្តិការណ៍កីឡា គឺផ្សារភ្ជាប់ជាមួយនយោបាយ កិត្យានុភាពប្រទេសជាតិ និងប្រជាពលរដ្ឋ» ។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ ត្រូវការសហការគ្នា ពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេមខាងមុខ ជាពិសេស អាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងពួកឧបាយកលអមិត្តនានាជាដើម។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើបទបង្ហាញសង្ខេបពីផែនការ របស់គណៈកម្មការសន្ដិសុខ និង សណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ស្ដីពីកិច្ចការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួត កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ថា ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម ត្រូវប្រើប្រាស់កងកម្លាំងសរុបចំនួន ២៣.៧៥១នាក់ ។

អគ្គស្នងការង បន្ដថា ក្នុងចំណោមកងកម្លាំង ចំនួន ២៣.៧៥១នាក់ នោះ អគ្គស្នងការដ្ឋាន នគរបាលជាតិ មានចំនួន ១៣.០០៣នាក់, អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ចំនួន ១២០នាក់, កងរាជអាវុធហត្ថ ចំនួន ៥.០៩១នាក់, បញ្ជាការដ្ឋានអង្គរក្ស ចំនួន ២.៨៨៨នាក់, បញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន ៣៤៦នាក់, ក្រុមបច្ចេកទេស រុករកជាតិផ្ទុះកែច្នៃ ចំនួន ៨៩នាក់, បញ្ជាការដ្ឋានកងពលតូច អន្ដរាគមន៍លេខ៧០ ចំនួន ៣០០នាក់, បញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១៩៥នាក់, បញ្ជាការដ្ឋានកងទ័ពជើងអាកាស ចំនួន ៥៥នាក់, ការិយាល័យទី២ កងទ័ពជើងគោក ចំនួន ៣៥នាក់, អាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំនួន ១០០នាក់, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន ៣០នាក់, ក្រសួងសុខាភិបាល ចំនួន ១.0១២នាក់, អគ្គិសនីកម្ពុជា ចំនួន ៨២នាក់, សន្ដិសុខឯកជន ចំនួន ៤០៥នាក់ ។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចូលរួមការប្រកួត ៤០ប្រភេទកីឡា៕

To Top