SEA GAME

លោក នេត សាវឿន លើកទឹកចិត្តគ្រូបង្វឹក ក្រុមកីឡា បាល់ទះជម្រើសជាតិកម្ពុជា ប្រឹងឲ្យអស់ពីសមត្ថភាព ដណ្តើមមេដាយជូនជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។

នាឱកាសអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃ២ ឧសភា នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា «សូមលើកទឹកចិត្ត ដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងអស់ ពីសមត្ថភាព ដើម្បីដណ្តើមមេដាយ ជូនប្រទេសជាតិ ។ ទន្ទឹមនោះ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវប្រឹងប្រែងស្វែងយល់ពីដៃគូប្រកួត និងការរៀបចំគម្រោង ប្រយុទ្ធជាក់ស្តែងលើទីលាន» ។

នាយឧត្តមសេនីយ៍បន្តថា កីឡាបាល់ទះ គឺលេងលក្ខណៈជាក្រុម ដូច្នេះហើយទាមទារឲ្យមានការឯកភាព សាមគ្គីគ្នា ជួយគ្នា និងយោគយល់គ្នា ហើយជៀសវាងដាច់ខាតបាក់ស្មារតី ដើម្បីឲ្យក្រុមខ្លាំង និងជោគជ័យត្រូវមានវិន័យ ស្តាប់ការដឹកនាំរបស់គ្រូ និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។

លោកក៏បានជំរុញក្រុមកីឡាករ-កីឡាការិនី ទាំងអស់ប្តេជ្ញាចិត្តប្រយុទ្ធ អស់ពីកម្លាំងកាយចិត្ត ជាពិសេសការប្តេជ្ញាចិត្តឲ្យអស់ចេញពីបេះដូង ហើយត្រូវចងចាំថា «ជំហាននេះ គឺជាឱកាសមាសរបស់យើង ហើយអាស៊ានទាំងមូលគេមើលយើង ប្រជាពលរដ្ឋ១៧លាននាក់ គេកំពុងមើលយើង ដូច្នេះយើងតំណាងឲ្យជាតិ ត្រូវពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ។ នេះជារឿងមួយធំណាស់ បើយើងបានជោគជ័យ នោះកេរ្តិ៍ឈ្មោះរបស់យើងល្បីល្បាញ ធ្វើឲ្យពលរដ្ឋគោរពស្រឡាញ់ ជាពិសេសមោទកភាព របស់ជាតិយើង»។

នាយឧត្តមសេនីយ៍ថា ៦៤ឆ្នាំហើយដែលកម្ពុជា មិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ តែឥឡូវនេះជាមោទកភាពរបស់ជាតិ របស់រាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ហើយដើម្បីធ្វើឲ្យល្អត្រូវស្អាតបាត ញញឹមញញែម រួសរាយរាក់ទាក់ ស្វាហាប់ ក៏ប៉ុន្តែទន់ភ្លន់ ជៀសវាងការធ្វើអាកប្បកិរិយាណាមួយ មិនសមរម្យទៅលើគូប្រកួត ៕

To Top