កីឡា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ពិភពលោកឆ្នាំ២០២០ ពីថ្ងៃ៤-៦ មករា

ភ្នំពេញ៖ បើតាមការប្រកាសរបស់ ក្រសួងទេសចរណ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ។

ព្រឹត្តិការណ៍ប្រណាំងកង់ ដែលមិនធ្លាប់មានពីមុន គឺត្រូវឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។

បើតាមវេបសាយក្រសួងទេសចរណ៍លោក ថោង ខុន ដែលជារដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងារ ជំនាញចុងក្រោយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីដាក់ផែនការនេះឲ្យបានរលូន។

លោក ថោង ខុន ថ្លែងថា ព្រឹត្តិការណ៍នេះ នឹងចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់ឆ្នេរកម្ពុជា និងរួមចំណែកផលិតធនធានមនុស្សសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផងដែរ។

ជាមួយគ្នានេះ លោកបានអំពាវនាវរដ្ឋបាលខេត្ត ស្រុក ក្រុងពាក់ព័ន្ធចូលរួមសហការជំរុញ និងរៀបចំកិច្ចការងារនេះឲ្យបានល្អ ដើម្បីបង្ហាញភ្ញៀវ ក្រុមកីឡាករជាតិ-អន្តរជាតិ ពីការទទួលបដិសណ្ឋារកិច្ចចំពោះពួកគេ និងផ្សព្វផ្សាយពីមុខមាត់ប្រទេសជាតិ។

ចំណែកលោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍វិញបានឲ្យដឹងដែរថា មកដល់ពេលនេះមានក្រុមកីឡាករ ចុះឈ្មោះចូលរួមប្រមាណ២០ក្រុមហើយ ។ ក្នុងនោះក្រុមកីឡាករកម្ពុជាមចំនួន ២ក្រុម និងក្រុមកីឡាករបរទេសមកពី ១៦ប្រទេស៕

To Top