ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មានភាពមិនប្រក្រតី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានប្រកាសព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យធ្វើការកែទម្រង់ និងដាក់ចេញបទប្បញ្ញត្ដិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា ។
ការចេញលិខិតព្រមាននេះ គឺជាការឆ្លើយតបចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា ។ ក្នុងនោះ ម៉ឺន មេឃាបានចាប់ ឃឹម បូរ៉ា អុកបោកនឹងៃវៀនដូចកីឡាកាស ។ ទស្សនិកជនបានដាក់រហស្សនាមឲ្យ ម៉ឺន មេឃាថា ជា ចន ស៊ីណាប្រចាំស្រុកខ្មែរ ។
ក្រោយការប្រកួតមួយថ្ងៃ ស្របពេលមានការរិះគន់ពីមហាជននេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងជាចម្ងល់ផងដែរ ចំពោះការប្រកួតនេះ។ ដោយសម្តេចបានថ្លែងថា នេះជាការវាយខុសក្បួន ។ សម្តេចថា វាយខុសក្បួនហើយ មិនព្រមប្រកាសលទ្ធផលទេ បែរជាលើកពេលទៅប្រកួតនៅពេលក្រោយវិញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់NOCC នាថ្ងៃ១២ កក្កដា បានបញ្ជាក់ថា “ប្រកាសដាក់ការព្រមានលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្ដិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡាដោយមិនអាចរំលោភបាន”។
NOCC បន្ដថា ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត NOCC នឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាពដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមការប្រកួតជាអន្ដរជាតិ និងរៀបចំការប្រកួតជាអន្ដរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមការប្រកួតកីឡាស៊ីហ្គេម រួមទាំងស៊ីហ្គេមនៅកម្ពុជាផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុកនាថ្ងៃ១១ កក្កដា សម្ដេចតេជោបានថ្លែងថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ។ សម្ដេចតេជោបន្ថែម តើឲ្យកីឡាប្រដាល់កម្ពុជាឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់ទុកឱកាសឲ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហម ដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗ ដោយមិនទុកពេលឲ្យតវ៉ានោះទេ ៕