កីឡា

កូរ៉េខាងជើង សម្រេចចិត្ដ មិនចូលរួមព្រឹត្ដិការណ៍ កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងនោះទេ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្ត មិនចូលរួមក្នុងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងប៉េកាំង នាពេលខាងមុខនេះទេ ដោយបន្ទោសការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ក្នុងការរារាំង “ការបើកដោយជោគជ័យ នៃកីឡារដូវរងាមួយនេះ” ។

ប្រទេសកូរ៉េខាងជើង ក៏បានឲ្យដឹងផងដែរថា ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានជំរុញឱ្យខ្លួនរំលង ព្រឹត្តិការណ៍កីឡា ហើយប្រទេសនេះ ក៏មិនបានបញ្ជូនក្រុមមួយទៅព្រឹត្តិការណ៍ Tokyo Games កាលពីរដូវក្តៅមុននោះដែរ ដោយលើកឡើង ពីការរាតត្បាតនៃមេរោគឆ្លង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានបញ្ជូនទៅប្រទេសចិន នៅក្នុងលិខិតមួយពីគណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងកីឡា របស់ប្រទេសកូរ៉េខាងជើង ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានឲ្យដឹងថា ការត្រៀមរៀបចំ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ដែលនឹងបើកនៅថ្ងៃទី០៤ ខែកុម្ភៈគឺ “ត្រូវបានធ្វើឱ្យពេញចិត្ត ដោយសារតែការខិតខំប្រឹង ប្រែងជាវិជ្ជមាន” ដោយក្រោមការដឹកនាំ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា “ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាច របស់ខ្លួន កាន់តែមានការលាក់លៀម នៅក្នុងចលនារបស់ពួកគេប្រឆាំងនឹងប្រទេសចិន ក្នុងគោលបំណងទប់ស្កាត់ការបើកកីឡា អូឡាំពិកដោយជោគជ័យ” ។

ទីភ្នាក់ងារសារព័ត៌មាន បានដកស្រង់ប្រភពអង្គការ របស់ប្រទេសនេះបានឲ្យដឹងថា កូរ៉េខាងជើងបានច្រានចោល “ទង្វើទាំងនោះ ដោយចាត់ទុកពួកគេថា ជាការប្រមាថដល់ស្មារតីនៃធម្មនុញ្ញអូឡាំពិកអន្តរជាតិ និងជាទង្វើជាមូលដ្ឋាន នៃការប៉ុនប៉ងធ្វើឱ្យខូចមុខមាត់ អន្តរជាតិរបស់ប្រទេសចិន” ៕

ដោយ ឈូក បូរ៉ា

To Top