កីឡា

ការប្រកួត​ កីឡាប្រដាល់ អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ នៅលើសង្វៀន TV5 ព្រែកកំពឹស ចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលានេះហើយ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដែលមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” ដោយមានកីឡាករ ប្រដាល់លំដាប់កំពូលកម្ពុជា និងកីឡាប្រដាល់ជើងខ្លាំង ថៃណាត់ ជួបគ្នានៅលើសង្វៀន TV5 ព្រែកកំពឹស នឹងប្រព្រឹត្តនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសពិធីសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតកីឡាប្រដាល់ អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រកាសការប្រកួត ជាផ្លូវការដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ម៉ិល កាដូ ទីប្រឹក្សា ក្រសួងអបរំ យុវជន និងកីឡា និងជា អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក Apichart Duang Art នាយកចាត់ការទូទៅ រោងចក្រផលិតទឹកបរិសុទ្ធ LYYON និង ទឹកកកអនាម័យ EVA Premium Ice និងលោក ហួង តារាមុនី អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ខ.ភ.ម ប៉ុស្តិ៍លេខ៥ ។

លោក ហួង តារាមុនី បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបាទពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដោយមានកិច្ចសហការរួម ជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស មានការជួយឧបត្ថម្ភធំដោយ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ LYYON និងក្រុម ហ៊ុនផលិតទឹកកកអនាម័យ EVA Premium Ice រៀបចំការប្រកួតប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ នាថ្ងៃនេះ ។
ស្ថានីយ៏ទូរទស្សន៏កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ជានិច្ចជាកាលតែង តែលើកស្ទួយ និងគាំទ្រនូវគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះវិស័យកីឡា ក៏ជាវិស័យមួយ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបាន យកចិត្តទុកដាក់យ៉ាងខ្ពស់ ផងដែរ ។

កន្លងមក និងរហូតដល់បច្ចុប្បន្ននេះ ស្ថានីយ៏ទូរទស្សន៏ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ តែងតែយកចិត្តទុកដាក់លើវិស័យកីឡា ជាពិសេស កីឡាប្រដាល់គុនខ្មែរជា កេរ្តិ៍មរតកក្បាច់គុនរបស់ខ្មែរតាំងពីបុរាណកាលមក ដោយបានរៀបចំឲ្យមានការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងពេញនិយមពីសំណាក់ប្រជា ជនទូទៅ ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស។

ក្នុងឱកាសនាពេលនេះ ក្រោមកិច្ចសហការ រវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៏ទូរទស្សន៏ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយមានការគាំទ្រពី ក្រសួង អប់រំ យុវជន និងកីឡា ជាពិសេសក្រោមការជួយឧបត្ថម្ភយ៉ាងពេញទំហឹងពីក្រុមហ៊ុន ផលិត ទឹកបរិសុទ្ទ LYYON និងក្រុមហ៊ុនផលិតទឹកកកអនាម័យ EVA Premium Ice បានរៀបចំកម្មវិធី ប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ ប្រចាំសប្ដាហ៍ ថ្ងៃអាទិត្យ ដែលមានសុទ្ធសឹង ជាកីឡាករប្រដាល់លំដាប់ជាតិ មានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមប្រកួត ។

លោក ម៉ិល កាដូ បានមានប្រសាសន៍ថា ការប្រកួតប្រដាល់ អន្តរជាតិ គុនខ្មែរប៉រស្តីលេខ៥ ប្រចាំសប្ដាហ៍ ថ្ងៃអាទិត្យនេះ ជាការប្រកួត លក្ខណៈមិត្តភាព អន្តរជាតិ ដោយកីឡាករកម្ពុជាប្រកួត ជាមួយ កីឡាករ បរទេសមកពីប្រទេសផ្សេងៗ ក្នុងគោលបំណង ដ៏សំខាន់ ផ្ដល់ឱកាសដល់កីឡាករ ដើម្បីរកប្រាក់ចំណូល សម្រាប់ខ្លួន និងផ្គត់ផ្គង់ដល់គ្រួសារ ក៏ដូចជា ពង្រឹងសមត្ថភាព បទ ពិសោធន៍ បច្ចេកទេសប្រកួតដល់កីឡាករ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនជា ស្រេច ដើម្បីឈានទៅរកជោគជ័យ កិត្តិយស និងកេរ្តិ៍ឈ្មោះ ជូនប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍ ធំៗ នាពេលខាងមុខ ។ ជាពិសេស ដើម្បីផ្សព្វផ្សាយ សិល្បៈក្បាច់គុនខ្មែរ ឲ្យពិភពលោកបាន ស្គាល់កាន់តែច្បាស់ថែមទៀត ៕
ដោយ៖លី ភីលីព

To Top