បច្ចេកវិទ្យា

គន្លឹះ៤សំខាន់ៗ ពី Facebook៖ វិធីសាស្ត្រក្នុងការ រក្សាសុវត្ថិភាព ក្នុងពេលធ្វើការពីផ្ទះ

ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០៖ ស្របពេលដែលមនុស្សកាន់តែច្រើននាក់ តម្រូវឲ្យបំពេញការងារពីផ្ទះរបស់ខ្លួន និងប្រើប្រាស់ កម្មវិធីសូហ្វវ៉ែរ ក៏ដូចជាបណ្តាញ សង្គមផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើការងារប្រកប ដោយប្រសិទ្ធិភាព វាពិតជាសំខាន់ណាស់ ក្នុងការការពារខ្លួនរបស់អ្នកកុំឲ្យរងនូវការឆបោក និងការបោកប្រាស់ផ្សេងៗ លើប្រព័ន្ធអ៊ីនធើណិត ដែលទាក់ទងនឹង វីរុសកូវីដ-១៩។

ដើម្បីជួយឲ្យអ្នកប្រើប្រាស់ទាំងអស់ រក្សាបាននូវសុវត្ថិភាពជានិច្ច ក្នុងពេលបំពេញការងារពីផ្ទះរបស់ខ្លួន ឬក៏រក្សា ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ ក្រុមហ៊ុន Facebook នឹងចែករំលែកនូវគន្លឹះសំខាន់ៗចំនួន៤ ដើម្បីធ្វើឲ្យលោកអ្នកប្រើប្រាស់អនឡាញប្រកបដោយសុវត្ថិភាព។

1) ការការពារលេខសម្ងាត់របស់អ្នក
លោកអ្នកត្រូវប្រើប្រាស់លេខសម្ងាត់ខុសៗគ្នា សម្រាប់គណនីអនឡាញនីមួយៗរបស់លោកអ្នក។ លេខសម្ងាត់គណនី Facebook របស់អ្នក គឺត្រូវតែខុសគ្នាពីលេខសម្ងាត់គណនីផ្សេងទៀត។ លេខសម្ងាត់របស់លោកអ្នក គួរតែមានលក្ខណៈពិបាកទាយ និងស្មុគស្មាញ ហេតុនេះ សូមកុំប្រើប្រាស់ឈ្មោះរបស់អ្នកក្នុងលេខសម្ងាត់ ឬក៏ពាក្យដែលគេស្គាល់ច្រើន ជាដើម។

លោកអ្នកមិនត្រូវប្រាប់ ឬចែករំលែកព័ត៌មានពីការចូលក្នុង (login) គណនីរបស់លោកអ្នក ជាមួយនឹង នរណាម្នាក់នោះឡើយ។

ដើម្បីស្វែងយល់បន្ថែមទៀតអំពីសុវត្ថិភាពលេខសម្ងាត់ និងរបៀបបង្កើតលេខសម្ងាត់ដ៏មានសុវត្ថិភាពបំផុត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីមួយដែលហៅថា «Privacy Checkup Tool» (ឧបករណ៍ត្រួតពិនិត្យ ព័ត៌មានឯកជន)។

2) បើកមុខងារប្រាប់ដំណឹងក្នុងពេលចូលក្នុងគណនី ឬ login alerts
វិធីសាស្ត្រមួយទៀតដើម្បីធ្វើឲ្យគណនី Facebook កាន់តែមានសុវត្ថិភាពខ្ពស់នោះ គឺការបើកមុខងារប្រាប់ដំណឹង ក្នុងពេលដែលមានអ្នកដ៏ទៃព្យាយាមចូលក្នុងគណនីរបស់អ្នកដោយប្រើប្រាស់ ឧបករណ៍ ឬ browser ចំឡែកដែលអ្នកមិនធ្លាប់ប្រើ។

យើងអាចកំណត់មុខងារប្រាប់ដំណឹងទាំងនេះបាន នៅក្នុង Privacy Checkup tool ដែលមានរៀបរាប់ខាងលើ។

ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ អាចជួយធានាបានថា ម្ចាស់គណនី នៅតែអាចចូល ក្នុងគណនីរបស់ខ្លួនបាន ទោះជាគាត់ ភ្លេចលេខសម្ងាត់ក៏ដោយ។

3) ពិនិត្យមើលសកម្មភាពប្រើប្រាស់គណនីរបស់អ្នក
ការត្រួតពិនិត្យមើលទីតាំង និងពេលវេលា ដែលលោកអ្នកបានចូលក្នុងគណនី Facebook និង Instagram និងប្រវត្តិចំនួនម៉ោងដែលគណនីនោះបានអនឡាញតាមឧបករណ៍ដែលមិនធ្លាប់បានប្រើប្រាស់ពីមុន គឺសំខាន់ដូចគ្នា ហើយលោកអ្នកអាចធ្វើការត្រួតពិនិត្យចំណុចនេះបានតាមរយៈប្រអប់ Security Settings (ការកំណត់សុវត្ថិភាព)។

អ្នកប្រើប្រាស់ Instagram គួរតែពិចារណាទៅលើការបន្ថែមប្រព័ន្ធសុវត្ថិភាពមួយកម្រិតទៀតលើគណនីរបស់ខ្លួន តាមរយៈការប្រើប្រាស់មុខងារបញ្ជាក់លេខសម្ងាត់២លើក ឬ two-factor authentication ដែលជាកូដ សុវត្ថិភាពបន្ថែមមួយ នៅពេលដែលលោកអ្នកព្យាយាមចូលក្នុងគណនីតាមឧបករណ៍ថ្មី ដែលមិនធ្លាប់ប្រើ។

4) ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើសារបោកប្រាស់ និងការឆបោកផ្សេងៗ

ក្រុមឆបោកតាមអនឡាញ អាចនឹងព្យាយាមបោកបញ្ឆោតលោកអ្នកតាមរយៈការបង្ហោះព័ត៌មានអំពី វីរុសកុរ៉ូណា ឬសារបំភិតបំភ័យផ្សេងៗអំពីការរាតត្បាតជាសកលនេះ ហេតុនេះ វាពិតជាសំខាន់ណាស់ ដែលលោកអ្នក មិនត្រូវចុចទៅលើលីង ឬដំណរភ្ជាប់គេហទំព័រដែលគួរឲ្យសង្ស័យនោះទេ និងត្រូវតែរាយការណ៍ ពីសារដ៏គួរឲ្យសង្ស័យ ទាំងឡាយ ដែលព្យាយាមសួររកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

យ៉ាងណាមិញ លោកអ្នកអាចបញ្ជាក់បានយ៉ាងងាយស្រួលថា អ៊ីម៉ែល និងសារផ្សេងៗ គឺត្រូវបានផ្ញើរចេញ ដោយផ្ទាល់ពី Facebook ដោយគ្រាន់តែពិនិត្យមើលថា សារ និងអ៊ីម៉ែលទាំងអស់នោះ ត្រូវបានផ្ញើរចេញពីគេហទំព័រ facebookmail.com ឬយ៉ាងណា និងតាមរយៈការត្រួតពិនិត្យអ៊ីម៉ែលថ្មីៗ នៅក្នុងប្រអប់ Security and Login Settings (សុវត្ថិភាព និងការកំណត់ការចូលគណនី)។ បណ្តាញសង្គម Instagram ក៏ប្រើវិធីសាស្ត្រដូចគ្នានេះដែរ ដើម្បីពិនិត្យមើលចំណុចទាំងនោះ។ សូមចាំថា Facebook នឹងមិនស្នើសុំ ឬសួររកលេខសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែលឡើយ។

ដើម្បីជៀសឲ្យផុតពីការឆបោកផ្សេងៗ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកដែលស្នើសុំប្រាក់ពីអ្នក ទាំងដែលលោកអ្នកមិនស្គាល់គេនោះសោះ ឬសំណើពី នរណាម្នាក់ដែលអះអាងថាគេជាមិត្តភក្ដិ ឬជាសាច់ញាតិរបស់អ្នក ដែលកំពុងស្ថិតក្នុងសភាព គ្រោះថ្នាក់ណាមួយ៕

To Top