បច្ចេកវិទ្យា

សែលកាត និងរ៉ូយ៉ាល់គ្រុប នាំយកបច្ចេកវិទ្យា 5G តាមរយៈ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខ័ណ្ឌដ៏សំខាន់ ជាមួយនឹងក្រុមហ៊ុន ZTE

សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយក​ នូវបច្ចេកវិទ្យា 5G និងការបង្កើនសេវា គ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះ ក៏មាននូវវត្តមានចូលរួម របស់គណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ស្របគ្នានឹងកាលៈទេសៈដ៏សំខាន់ សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញ នូវផែនការជាផ្លូវការ ក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើន នូវសេវាគ្របដណ្ដប់ និងគុណភាព របស់បច្ចេកវិទ្យា 4G LTE។

កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការវិនិយោគ ហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេស ឈានមុខគេមួយ នៅក្នុងតំបន់ ទៅលើការប្រើប្រាស់ បច្ចេកវិទ្យា 5G ។

គួររំលឹងផងដែរ សែលកាតដែលជា ប្រតិបត្តិករគ្រប់គ្រង ដោយជនជាតិខ្មែរតែមួយគត់ នៅកម្ពុជា និងក៏ជាក្រុមហ៊ុន ដែលបម្រើសេវាកម្មយូរបំផុតដែរ ដោយមានរយៈពេល ប្រតិបត្តិការ រហូតតទៅដល់ ២៤ ឆ្នាំ បានមានគម្រោង ជាយូរមកហើយ ក្នុងការនាំយក នូវបច្ចេកវិទ្យា 5G ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ចង់សម្រេច ឱ្យបាននូវចក្ខុវិស័យ របស់លោកអគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការអភិវឌ្ឍវិស័យឌីជីថល ប្រកបដោយភាពជោគជ័យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមលើនេះ ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង គឺគាំទ្រផ្ទាល់ទៅលើ គម្រោងរបស់រាជរដ្ឋាភិបាល សម្រាប់ឧស្សាហកម្ម ៤.០ ពោល គឺគាំទ្រដល់កំណើន សេដ្ឋកិច្ចជាតិ និងផលិតផល ក្នុងស្រុកសរុប ហើយក្នុងនោះ ក៏ជួយជម្រុញ ឱ្យពលរដ្ឋកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ ពីការរស់នៅក្នុងសម័យ ឌីជីថលផងដែរ។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទៅលើការអនុវត្ត នូវយុទ្ធសាស្ត្រឌីជីថលរួមគ្នា សម្រាប់ប្រទេសកម្ពុជា។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរ ទាំងស្រុង នៃវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា ព្រោះថាតួនាទី នៃការតភ្ជាប់ ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅ ប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមាន មកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រ យ៉ាងទូលំទូលាយ នៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុន បុត្រសម្ព័ន្ធផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដទៃទៀត នឹងធានាឱ្យបានថា វត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមក គុណប្រយោជន៍ យ៉ាងធំធេង ដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជម្រុញឱ្យ វិស័យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ នាពេលអនាគតផងដែរ៕

To Top