បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ ពន្យល់ពីមូលហេតុ YouTube ផ្អាកមិនឲ្យរកចំណូល នៅកម្ពុជា (Video)

ភ្នំពេញ ៖ ក្រោយបណ្តាញសង្គមយក្ស ដ៏ធំមួយគឺយូធូប (YouTube) ផ្អាកមិនឲ្យរកចំណូល ពីបណ្តាញសង្គមមួយនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់ពីមូលហេតុនានា ដែលនាំឲ្យមានការផ្អាក។

ថ្មីៗនេះ YouTube បានផ្អាកមិនឲ្យមានការ ផ្សាយពាណិជ្ជកម្ម លើថ្នាល់វីដេអូនៅកម្ពុជា ដែលធ្វើឲ្យអ្នកទស្សនាសប្បាយចិត្ត ព្រោះមិនមានការរំខាន ពីការផ្សាយពាណិជ្ជកម្ម តែផ្ទុយទៅវិញអ្នកផលិតមាតិកា ចុះផ្សាយក្នុង YouTube មិនអាចរកចំណូលបានទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍នាថ្ងៃ១៧ ឧសភាបានឲ្យដឹងថា ក្រសួងបានជួបពិភាក្សា ជាមួយអ្នកតំណាង YouTube អំពីការផ្អាករកចំណូល ។ ការផ្អាកនេះ ព្រោះក្រុមហ៊ុន YouTube បានកំពុងកែសម្រួល គោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឲ្យមាតិកាវីដេអូ កាន់តែល្អប្រើសើរ និងតម្រូវឲ្យអ្នកផលិតមាតិកា វីដេអូ បំពេញតាមលក្ខខណ្ឌ កម្មវិធីភាពជាដៃគូ (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូល ពីការផ្សាយពាណិជ្ជកម្មបាន។

បើតាមក្រសួងដដែល ការផ្អាកមិនឲ្យរកចំណូល ពីបណ្តាញយូធូបនេះ មិនមែនធ្វើឡើង តែសម្រាបកម្ពុជាមួយទេ គឺផ្អាកជាង៩០ប្រទេស ក្នុងពិភពលោក។ ក្នុងចំណោមជាង ៩០ប្រទេសនេះ ការផ្សាយពាណិជ្ជកម្ម លើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូន ជាបន្តបន្ទាប់ តាមរយៈការទទួលបាន កម្មវិធីភាពជាដៃគូ។

សេចក្តីប្រកាសបន្តថា “ក្រសួងបានលើកទឹកចិត្ត ឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍ កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន” ។

បើតាមការពិនិត្យបឋម របស់អ្នកតំណាង YouTube ទីផ្សារកម្ពុជា មានលក្ខណៈសម្បត្តិល្អៗ ជាច្រើន ក្នុងការទទួលបានកម្មវិធី ភាពជាដៃគូពី YouTube ។

ប្រភពឲ្យដឹងទៀតថា YouTube ត្រូវការពេលវេលាក្នុងការរៀបចំ និងការចូលរួម សហការ ពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌ កំណត់ដោយ YouTube ផងដែរ ។ ក្រសួងក៏នឹងបន្តពិភាក្សា ជាមួយអ្នកតំណាង YouTube ក្នុងការដោះស្រាយកិច្ចការងារនេះ ឲ្យបានឆាប់រហ័ស៕

To Top