បច្ចេកវិទ្យា

អ៊ុយក្រែន និងកងនាវាលេខ៦ ទ័ពជើងទឹកអាមេរិក ត្រៀមធ្វើសមយុទ្ធ នៅសមុទ្រខ្មៅ

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ពជាង៥.០០០នាក់ នាវាចំនួន៣២គ្រឿង និងយន្តហោះចំនួន៤០គ្រឿង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់កងទ័ពជើងទឹកអ៊ុយក្រែននិងកងនាវាលេខ៦របស់ទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ព្រឹត្តិការណ៍សមយុទ្ធយោធានេះ គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។

សេចក្តីថ្លែងការណ៍មួយពីកងនាវាលេខ៦អាមេរិក បានិយាយប្រាប់ដូច្នេះថា សមយុទ្ធរួមគ្នារយៈពេល១២ថ្ងៃនេះ នឹងរួមមានទាំងឧបករណ៍សង្គ្រាម វាយប្រហារក្នុងទឹកនិងលើគោក ឧករណ៍សមវាយប្រហារលើគោក ប្រតិបត្តិការមុជទឹក ប្រតិបត្តិការទប់ទល់កម្ទេចសត្រូវនៅសមុទ្រ ប្រព័ន្ធការពារដែនអាកាស ការបញ្ចូលគ្នានៃប្រតិបត្តិការពិសេស ឧបករណ៍ប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការស្វែងរកនិងសង្គ្រោះ។

ផ្ទាំងពាណិជ្ជកម្ម

ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសអុយក្រែន លោកស្រី Kristina Kvien បានមានប្រសាសន៍ដូច្នេះថា “សហរដ្ឋអាមេរិកមានមោទនភាព ដើម្បីចងជាដៃគូជាមួយអ៊ុយក្រែន ក្នុងការរៀបចំរួមគ្នានូវសមយុទ្ធដែនសមុទ្រពហុជាតិ Sea Breeze ដែលនឹងជួយធ្វើឲ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការ និងសមត្ថភាពក្នុងចំណោមប្រទេសដែលចូលរួម”៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×