បច្ចេកវិទ្យា

Google ចាប់ផ្ដើមអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធី ទូទាត់វិក្កយបត្រ តាមរយៈភាគីទីបី នៅអឺរ៉ុប

នាយដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹង ច្បាប់ទីផ្សារឌីជីថល ដែលបានអនុម័ត ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីដើមសប្តាហ៍នេះ Google បានប្រកាសថា ឥឡូវនេះពួកគេនឹងអនុញ្ញាត ឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីមិនមែនហ្គេម អាចប្រើប្រាស់ប្រព័ន្ធទូទាត់របស់ភាគីទីបី នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) រួមទាំង ប្រទេសក្នុងសហភាពអឺរ៉ុប អ៊ីស្លង់ លិចតិនស្តាញ និងន័រវេស។

Google នឹងកាត់បន្ថយកម្រៃ សេវាកម្មរបស់ខ្លួនចំនួន ៣% សម្រាប់ការទិញក្នុងកម្មវិធី ដែលធ្វើឡើងតាមរយៈប្រព័ន្ធ ទូទាត់ភាគីទីបីនៅក្នុង EEA។ Google និយាយថាគោលការណ៍នេះមានន័យថា ៩៩% នៃអ្នកអភិវឌ្ឍន៍នឹងត្រូវបានគិតថ្លៃសេវា ១២% នៅពេលដែលអតិថិជន បញ្ចប់ប្រតិបត្តិការតាមរយៈ ដំណើរការទូទាត់ភាគីទីបី ធៀបនឹង ១៥% តាមរយៈប្រព័ន្ធទូទាត់របស់ Google Play ។ ក្រុមហ៊ុនបានបញ្ជាក់ថែមទៀតថា កម្រៃសេវាកម្មនេះគឺសម្រាប់គាំទ្រ ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុង Google Play និង Android។

គួរបញ្ជាក់ដែរថា សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី នៅក្នុងប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ត្រូវបន្តប្រើប្រាស់កម្មវិធីទូទាត់ វិក្កយបត្ររបស់ក្រុមហ៊ុន សម្រាប់កម្មវិធីទាំងអស់ ដែលបានចែកចាយតាមរយៈ Google Play។

សម្រាប់ក្រុមហ៊ុន Apple វិញនោះ ពួកគេមិនទាន់ប្រកាសអំពីផែនការ សម្រាប់ការទូទាត់វិក្កយបត្រ តាមរយៈភាគីទីបីនៅឡើយទេ ៕

To Top