ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បាន វាយបញ្ចូលតាមរយៈក្ដារចុច។
អ្នកស្រាវជ្រាវបានចាត់ទុក កូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយក ទិន្នន័យរបស់អ្នកប្រើប្រាស់។
ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន ដូច ជា លេខ សម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។
ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យ អ្នកប្រើប្រាស់បើកតំណភ្ជាប់ ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាច ឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕