បច្ចេកវិទ្យា

កម្ពុជា គាំទ្រសំណើរ១២ ចំណុចរបស់ចិន ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទងបញ្ហានៅអ៊ុយក្រែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរទាំងនេះ ។

ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។

យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នៅក្នុង​ឱកាស​គម្រប់​ខួប​មួយឆ្នាំ​ នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ប្រទេស​ចិន ​បាន​ដើរតួនាទី​ឈានមុខ​មួយ ​ក្នុងការ​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​លើកឡើង​សំណើ​ដែលមាន ១២​ចំណុច» ។​

សម្ដេចគូសបញ្ជាក់ថា «កម្ពុជា​គាំទ្រ​សំណើរ​១២ ចំណុច​របស់​ប្រទេស​ចិន​ដោយសារ​សំណើ​រ បស់​ប្រទេស​ចិន​ចែង​អំពី​ការគោរព​ច្បាប់​អន្តរជាតិ​ គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​ដែលជា​វិធាន​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ​អធិបតេយ្យ ដូចជា​អធិបតេយ្យភាព បូរណភាព​ដែនដី​និង​ឯករាជ្យភាព​»។​
សម្ដេចតេជោ​បន្ថែម​ថា​សំណើ​ខាង​លើបានអំពាវនាវ​ ឲ្យ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ផ្នែក​យោធា ​ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​តាម​បទពិសោធន៍​សង្គ្រាម ​គឺជា​មធ្យោបាយ​ដ៏​អាក្រក់​បំផុត​ សម្រាប់​បញ្ចប់ឯ​បទ​ឈប់​បាញ់​ គឺជា​មធ្យោបាយ​ល្អ​បំផុត​ ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​។​សំណើរ​នេះ​ក៏បាន​អំពាវ​នាវ​ឲ្យ​ មាន​កិច្ចសន្ទនា​សន្តិភាព​និង​បញ្ឈប់​ទណ្ឌកម្ម​ ជា​ឯកតោភាគី​ផងដែរ​។​

សម្ដេចតេជោបន្តទៀតថា គោលការណ៍​ខាងលើ​ស្របគ្នា ​ជាមួយនឹង​ជំហរ​របស់​កម្ពុជា​បន្ថែ​ម​លើ​នេះ ​សំណើ​របស់​ចិន​ ក៏បាន​ផ្ដោតលើ​ទិដ្ឋភាព​មនុស្សធម៌​សន្តិសុខ​ស្បៀង​ និង​ស្ថាបនា​ឡើងវិញ ​ក្រោយ​ជម្លោះ​។​ កម្ពុជា​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ពិចារណា​ដ៏​យកចិត្តទុកដាក់ ​ចំពោះ​សំណើរ​របស់​ចិន​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា ​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ និង​ការបំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​នាំ​ត្រឡប់មកវិញ​នូវ​សន្តិភាព​៕

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានប្រកាសពីគោល​ជំហរ​របស់ខ្លួន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែ​សង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម៕

To Top