បច្ចេកវិទ្យា

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀងទទួលបានសិស្សជិត៥០០នាក់ ចុះឈ្មោះចូលរៀនលើជំនាញ១១

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានជ្រើសរើសយកជំនាញចំនួន១១ ដែលសុទ្ធសឹងតែជាជំនាញមានទីផ្សារការងារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការស្វាគមន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

បើតាមលោក មុត ចន្ថា ជំនាញទាំង១១ នោះមានដូចជា ជាងកំបោរ ការងារកំបោរ ការដំឡើងបណ្តាញទឹកក្នុងអាគារ ការដំឡើងអគ្គិសនីក្នុងអាគារ ការផ្សារលោហៈដោយធ្នូអគ្គិសនី បរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការដំឡើងបញ្ជាម៉ូទ័រអគ្គិសនី សេវាថែទាំកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី និងការថែទាំ និងជួសជុលរថយន្ត។

លោកបន្ថែមថា៖ «ដោយឡែកក្នុងចំណោមជំនាញទាំង១១នេះវិទ្យាស្ថានសង្កេតឃើញថា មានជំនាញចំនួន៣ដែលមានសិស្សចុះឈ្មោះរៀនច្រើនជាងគេ ក្នុងនោះមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ បរិក្ខាត្រជាក់ក្នុងគេហដ្ឋាន និងការថែទាំ និងជួសជុលរថយន្ត»។

លោកបន្ថែមទៀតថា ចាប់តាំងពីពេលប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៥៤៦នាក់។

លោកបន្តថា វិទ្យាស្ថាននឹងបើកឱ្យចូលរៀនដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចលើការបណ្តុះបណ្តាលនៅពាក់កណ្តាលខែនេះ ទាំងគ្រូបង្រៀន បន្ទប់សិក្សា​ បន្ទប់អនុវត្តន៍ និងសម្ភារៈបច្ចេកទេសផ្សេងៗ។

គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

To Top