នយោបាយ

សម្ដេច ស ខេង ស្នើឲ្យក្រសួងមហាផ្ទៃឡាវ បង្កើនកិច្ច សហប្រតិបត្តិការ ជាមួយនគរបាលកម្ពុជា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅដល់ ក្រសួងមហាផ្ទៃឡាវ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលកម្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរ បទពិសោធន៍គ្នា ទៅវិញទៅមក ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឡាវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ស ខេង លើកទឹកចិត្តដល់ភាគីឡាវ ឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍ សន្តិភាព ដើម្បីដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ។

សម្ដេច មានប្រសាសន៍ថា “ស្នើទៅដល់ ក្រសួងមហាផ្ទៃនៃប្រទេសឡាវ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ មន្រ្តីនគរបាលកមក្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញ និងបច្ចេកទេស ជូនគ្នាទៅវិញទៅមក ក្នុងវិស័យការពារសន្តិសុខ សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋនៃប្រទេសទាងពីរ ឲ្យកាន់តែមានភាពល្អប្រសើរ”។
ជាការឆ្លើយតប អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃឡាវ ថា ឡាវនឹងចូលរួមជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការពិភាក្សាគ្នា ក្នុងការដោះស្រាយផ្សេងៗ ដោយឈរលើ គោលការណ៍សន្តិភាព ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំ។
លោកអនុរដ្ឋមន្រ្តីបន្ដថា ក្រសួងមហាផ្ទៃឡាវ និងពិនិត្យមើលលទ្ធភាព ដែលខ្លួនមាន ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ រវាងមន្រ្តីនគរបាល នៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លង ការជួញដូរមនុស្ស និងការការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ៕ ដោយ ៖ អេង ប៊ូឆេង

To Top