ព័ត៌មានអន្តរជាតិ

កម្មករជីកបឹងប្រទះឃើញ គ្រាប់បែកទម្ងន់ ៣០០គីឡូ នៅខេត្ត គៀនយ៉ាង ដែលឧបករណ៍បំផ្ទុះមិនមានការខូចខាត

វៀតណាម៖ ក្រុមកម្មករប្រើឧបករណ៍ជីកដី ដើម្បីជីកបឹងទឹកសាបមួយ នៅភាគខាងត្បូងខេត្តគៀនយ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ គឺបានរកឃើញគ្រាប់បែកដែលមានទម្ងន់ ៣០០ គីឡូក្រាម ជាមួយនឹងឧបករណ៍បំផ្ទុះរបស់វា មិនមានការខូចខាតឡើយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការងារទាំងអស់ត្រូវបានបញ្ឈប់ភ្លាមៗ នៅទីតាំងក្នុងស្រុក ផៅដាយ ក្នុងក្រុងហាទៀង ហើយតំបន់នោះត្រូវបានបិទ។ រដ្ឋបាលមូលដ្ឋានបានចាត់តាំងកងកម្លាំង និងប៉ូលីសអោយការពារតំបន់នេះ ២៤លើ២៤ម៉ោង រហូតដល់គ្រាប់បែកត្រូវបានដោះចេញ។

បញ្ជាការដ្ឋានយោធាហាទៀង បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យកន្លែងកើតហេតុ និងរកមធ្យោបាយដោះគ្រាប់បែក។ យោងតាមរបាយការណ៍ដំបូង គឺគ្រាប់បែកមានអង្កត់ផ្ចិតប្រហែល ៣០ សង់ទីម៉ែត្រ និងបណ្តោយ ១០០ សង់ទីម៉ែត្រ។ គ្រាប់បែកនេះត្រូវបានគេឃើញ ជាលើកដំបូងនៅក្នុងទីតាំងនេះ ក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ក្នុងអំឡុងពេលសង្គ្រាមព្រំដែនភាគនិរតី ដែលបង្កើតឡើងដោយខ្មែរក្រហម ដឹកនាំដោយប៉ុលពត ៕

To Top