ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការអនុវត្តន៍ដែល មិនត្រឹមត្រូវនៃបញ្ហានយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងពង្រីកគំនិតសន្តិសុខជាតិ ដើម្បីបង្ក្រាបអាជីវកម្មបរទេស។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពី Nasdaq បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងដកភាគហ៊ុនរបស់ក្រុមហ៊ុនចិនចំនួន ៤ ចេញពីសន្ទស្សន៍ ដែលខ្លួនរក្សាទុក ដើម្បីឆ្លើយតបនឹងបទបញ្ជារបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដាក់កម្រិតលើ ការទិញភាគហ៊ុនទាំងនេះ។
ទីផ្សារមូលធនរបស់ប្រទេសចិន ទទួលបានភាពប្រសើរឡើង នៃការបើកចំហពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យមានភាពងាយស្រួល សម្រាប់វិនិយោគិនអន្តរជាតិ ក្នុងការជ្រើសរើស និងទិញភាគហ៊ុនរបស់សហគ្រាសចិន។ លោក វ៉ាង បានឲ្យដឹងទៀតថា ការដកចេញពីសន្ទស្សន៍មួយចំនួននឹងមិនធ្វើឱ្យ ប៉ះពាល់ដល់សមត្ថភាព របស់សហគ្រាសទាំងនេះ ដើម្បីទាក់ទាញ និងទទួលការវិនិយោគពី វិនិយោគិនអន្តរជាតិនោះទេ។
លោក វ៉ាង បានសង្កត់ធ្ងន់ថា ចិនប្រឆាំងនឹងការគាបសង្កត់ក្រុមហ៊ុនចិន ដោយសហរដ្ឋអាមេរិក។ អ្វីដែលសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ នៃការប្រកួតប្រជែងទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលខ្លួនតែងតែអះអាងថា ជាម្ចាស់ជើងឯកហើយនៅទីបំផុត នឹងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់វិនិយោគិន ក៏ដូចជាចំណាប់អារម្មណ៍ និងមុខមាត់ជាតិរបស់សហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា