វប្បធម៌កាន់ស៊ុ

“កានណាន”

“​សម្លេងខ្លុយដ៏គ្រលួចនៃកានណាន កានណាននៅក្នុងចិត្តយើង គឺជាផ្ទាំងគំនូរមួយដែលលំអរទៅដោយភ្នំ និង ទឹក រួមទាំងព្រៃធម្មជាតិដ៏ប្រណិត។ អ្នកដែលបានទៅដល់កានណាន សុទ្ឋតែបានស្រឡាញ់នាងគ្រប់គ្នា ពិបាកនឹងដកចិត្ត ទីនេះជាពិភពធម្មជាតិដ៏ត្រកាល និងជាទីកំណើតវប្បធម៌ របស់ជនជាតិភាគតិចចិនទីបេ ហើយក៏ជាមជ្ឈមណ្ឌលប្រសព្វ នៃវប្បធម៌ជំរុះខាងជំនឿ ជាទីតំបន់ដែលល្បីល្បាញលើសកល ពោរពេញដោយសេរីភាពនៃអារម្មណ៍”​ ​លោក ឆាង អ៊ីងចែស៊ួ បាននិយាយយ៉ាងដូច្នេះ។

           ទឹកដីនៃព្រិលទឹកកក ដ៏អស្ចារ្យមួយនេះ ជាខ្ពង់រាបមួយដ៏ស្ងប់ស្ងាត់ ជាអច្ឆរិយមួយនៃរឿងនិទាន វាជាបទចម្រៀងគង្វាល ដែលច្រៀងរៀបរាប់ពីបរិស្ថានធម្មជាតិ ដូចជាសុបិនមួយ ជាមាតុភូមិមួយដ៏កក់ក្តៅកាលពីវ័យកុមារ។

           ឈានជើងចូលក្នុងទឹកដីកានណាន ដើម្បីឱ្យជីវិតទទួលនូវសេរីភាព ដូចដើរចូលទៅក្នុងផ្ទាំងគំនូរ ដែលពោរពេញទៅដោយភ្នំ និង ទឹក គ្របដណ្តប់ទៅដោយទេសភាព និង ធនធានធម្មជាតិដ៏សំបូរបែបជាមួយនឹងខហយល់អាកាសដ៏បរិសុទ្ធ ដែលគេពិបាកនឹងបរិយាយ ភាពរាក់ទាក់រួសរាយ របស់ជនជាតិភាគតិច និងវប្បធម៌ប្រពៃណីដ៏សំបូរបែប សុទ្ឋសឹងជាចំណុចចាប់អារម្មណ៍ ជាផ្ទាំងទស្សនីយភាពដែលប្រកបទៅដោយភាពទាក់ទាញ។ យើងបានឃើញផ្ទាល់នូវការកែច្នៃរបស់ជនជាតិភាគតិច​ ចរិកតស៊ូ អត់ធ្មត់ និងឧស្សាហ៍ព្យាយាមរបស់ជនជាតិភាគតិច ក្នុងជីវភាពរស់នៅ។

កានណានគឺជាទឹកដីមួយ ប្រកបដោយទេសភាពប្រណិតគ្រប់ទិកន្លែង លាតសន្ធឺងដាច់កន្ទុយភ្នែក ។ កានណានគឺជាតំបន់ខ្ពង់រាប ប្រកបដោយការច្នៃប្រឌិតខាងបញ្ញា និងពោរពេញទៅដោយទឹកភាពសប្បាយរីករាយ ប្រជាជនរស់នៅបែបជីវភាពសាមញ្ញ និងភាពស្ងប់ស្ងាត់ គ្មានការរំខាន ជាមួយបរិស្ថានដ៏បរិសុទ្ឋគ្មានល្អងធូលី។ យើងបានដើរកាត់ពាក្យស្លោក ដែលចារទុកដោយលោកប្រធាន ម៉ៅ សេទុង ថា “ ទាហានក្រហម មិនខ្លាចឧបសគ្គក្នុងសង្គ្រាម ទឹកដីទាំងមូលចាំទទួលស្វាគម៍អ្នកបដិវត្តន៍”នេះជាតំបន់បដិវត្តន៍ពីអតីកាល។

ការអភិវឌ្ឍន៍បៃតងបានចេញពីទីនេះ ​គឺស្តែងចេញ តាមរយៈសកម្មភាពរបស់មនុស្សម្នាក់ៗ ដោយប្រើចលនា ជាក់ស្តែងរបស់យើងទាំងអស់គ្នា ដើម្បីគ្រួសារយើង​ និងសង្គមជាតិទាំងមូល យើងធ្វើវារាល់ថ្ងៃដើម្បីជីវិតរស់នៅ ពោរពេញទៅដោយសុខភាព នេះគឺជាជីវភាពដ៏សាមញ្ញ របស់អ្នកកានណាន។

កានណាន គឺជាដែនកំណើតនៃវប្បធម៌ និងអរិយធម៌របស់មនុស្សជាតិ របស់ជនជាតិចិន បានបន្សល់ទុកនូវរឿងនិទាន រាប់មិនអស់នៅក្នុងប្រវត្តិសាស្ត្រ ដ៏យូរលង់របស់ប្រទេសចិន។

ឈានជើងចូលក្នុងទឹកដីកានណាន ធ្វើឱ្យយើងទទួលបាននូវភាពស្និទ្ឋស្នាល ពីជនជាតិភាគតិច ស្តាប់នូវសម្លេងចម្រៀងដ៏ពិរោះ មើលឃើញនូវអច្ឆរិយវត្ថុគ្រប់បែបយ៉ាង ហើយធ្វើឱ្យយើងបានឃើញជីវភាពរស់នៅ មួយប្រកបដោយភាពស្ងប់ស្ងាត់ នៅលើទឹកដីខ្ពង់រាបមួយនេះ។

កានណាន ជាទីឋានដ៏ពិសិដ្ឋ ខាងបរិស្ថានធម្មជាតិ នាងមានឈ្មោះថា “ កានណាន” ៕

To Top