ព័ត៌មានជាតិ

បែកធ្លាយ ! មន្រ្តីនគរបាលគ្រឿងញៀន ខេត្តតាកែវ ៤រូប ត្រូវបានចោទថា បានចូលផ្ទះប្រជាពលរដ្ឋ ភ្ជង់ប្លន់យកលុយ ជាង៧០០០ដុល្លារ

តាកែវ ៖ មន្រ្តីនគបាល នៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តតាកែវ ចំនួន៤រូប ត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាព ភ្ជង់ជនរងគ្រោះ យកលុយអស់ ចំនួន៧ពាន់ដុល្លាអាមេរិក ។

យោងតាមជនរងគ្រោះ ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ មានក្រុមមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលស្លៀកពាក់ ឯកសណ្ឋានស៊ីវិល ចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម បានធាក់ទ្វាចូលផ្ទះរបស់គាត់ ហើយបានធ្វើសកម្មភាពភ្ជង់គាត់ ហើយពួកគេបានចូលរើកកាយ យកលុយគាត់អស់ ជាង៥០០០ដុល្លារ និងបានវាយខ្នោះគាត់ បញ្ជូនទៅកាន់ស្នងការ នគបាលខេត្តភ្លាមៗតែម្ដង ។

ជនរងគ្រោះបានថ្លែងបន្តថា ក្រោយពីបញ្ជូនគាត់មកដល់ស្នងការខេត្តរួចហើយ ក្រុមមន្រ្តីនគរបាលទាំងអស់នោះ បានឲ្យក្រុមគ្រួសារគាត់ យកលុយមកឲ្យគេចំនួន ២០០០ដុល្លារបន្ថែមទៀត ជាថ្នូនិងការដោះលែង ឲ្យមានសេរីភាពវិញ ហើយពួកគេក៍បានសម្លុតគាត់ មិនឲ្យបែកព័ត៌មាននេះ ចេញទៅក្រៅថែមមទៀតផង ។

បើយោងតាមសំដីជនរងគ្រោះបានបញ្ជាក់ថា ក្រុមមន្រ្តីនគរបាលទាំង៤នាក់ខាងលើនោះ គាត់ស្គាល់ឈ្មោះចំនួន២នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀត មិនស្គាល់ទេ ដោយមន្រ្តី២រូប ដែលលោកស្គាល់នោះ ទី១គឺឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿងញៀន និងទី២ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ។

នៅពេលសួរនាំជុំវិញករណីខាងលើនេះ លោក ណៅ សុខសាតភក្ដី នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ បានថ្លែងប្រាប់យ៉ាងខ្លីថា «លោកមិនបានដឹង ពីករណីយ៍ខាងលើនេះទេ» ។

តែទោះបីជាយ៉ាងណាក៍ដោយ លោក សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានទទួលស្គាល់ថា ពិតជាមានករណីយ៍នេះកើតឡើងពិតប្រាកដមែន ដែលករណីយ៍នេះ គឺជាការចុះទៅបង្រ្កាបគ្រឿងញៀន ដោយជនសង្ស័យត្រូវបានតាមដាន ជាយូណាស់មកហើយ ។

លោកស្នងការបានថ្លែងថា «រឿងនេះជាករណីចុះបង្រ្កាបគ្រឿងញៀន ក៍ប៉ុន្តែមន្រ្តីយើងមិនចុះទៅចាប់គ្រឿងញៀន បែរជាទៅចាប់ជំរិត គេយកលុយទៅវិញ»។

បើតាមលោកស្នងការខេត្តតាកែវ រឿងនេះលោកកំពុងតែបង្កើត ក្រុមការងារអោយគេស្រាវជ្រាវ ហើយបើរកឃើញកំហុសប៉ុនណា លោកនឹងដាក់វិន័យកងកំលាំង ដូចជាបន្ថយសក្តិជាដើម ហើយបើរកឃើញកំហុសធ្ងន់ធ្ងរ យើងនិងសុំគោលការណ៍ទៅលើ ដើម្បីឲ្យថ្នាក់លើជាអ្នកសំរេចតែម្ដង ៕

To Top