បរទេស៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្ម ផ្តោតគោលដៅលើរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់អាសាដ ដោយចុះបញ្ជីខ្មៅធនាគារកណ្ដាលជាតិ និងភរិយារបស់លោក នៅក្នុងចំណោមមនុស្សដទៃផ្សេងទៀត។
ប្រទេសស៊ីរី បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ តាំងពីឆ្នាំ២០១១មក នៅពេលដែលលោក អាសាដ ធ្វើការបង្ក្រាបបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ បង្កឲ្យមានសង្គ្រាមស៊ីវិលស៊ីរី។ ហើយតាំងពីពេលនោះមក ពលរដ្ឋស៊ីរីជាង៥លាននាក់ បានភៀសខ្លួនចេញពីប្រទេស មនុស្ស៦លាននាក់ ធ្វើការផ្លាស់ប្តូរទីលំនៅនៅក្នុងប្រទេស និងប្រមាណជាជាង១៣លាននាក់ កំពុងតែត្រូវការជំនួយជាចាំបាច់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា “ប៉ុន្តែរបបលោក អាសាដ ដែលគាំទ្រដោយអ្នកជំរុញ លើកទឹកចិត្តនិងសម្ពន្ធមិត្តនោះ បានបដិសេធមិនបញ្ចប់សង្គ្រាម បង្កឲ្យមានមនុស្សស្លាប់ដ៏គ្មាន ប្រយោជន៍របស់ខ្លួន ប្រឆាំងនឹងប្រជាជនស៊ីរី បង្កឲ្យជាប់គាំងកិច្ចប្រឹងប្រែងឈាន ទៅរកដំណោះស្រាយនយោបាយ” ៕
ប្រែសម្រួល៖ ប៉ាង កុង