ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមការងារ បង្កើតស្ថានកុងស៊ុល នៅតំបន់សាហារ៉ាខាងលិច

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការ បង្កើតស្ថានកុងស៊ុលអាមេរិក នៅសាហារ៉ាខាងលិច ក្រោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់អធិបតេយ្យភាព របស់ប្រទេសម៉ារ៉ុក លើតំបន់នោះ ក្នុងខែនេះ។

ការទទួលស្គាល់នោះ គឺជាផ្នែកនៃកិច្ចព្រមព្រៀង គាំទ្រដោយអាមេរិក ដែលធ្វើឲ្យប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសអារ៉ាប់ទី៤ បន្ទាប់ពីសហភាពអារ៉ាប់រួម បារ៉ែន និងស៊ូដង់ ក្នុងការបង្កើតចំណងមិត្តភាព ប្រក្រតីជាមួយប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល៤ខែកន្លងទៅនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានមានប្រសាសន៍ដូច្នេះថា “ដោយមានប្រសិទ្ធភាពភ្លាមៗ យើងនឹងសម្ភោធប៉ុស្តិ៍វត្តមានជាក់ស្តែងមួយ សម្រាប់តំបន់សាហារ៉ាខាងលិច ជាមួយការផ្តោតលើការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្រោយដំណើរការពេញលេញទាំងស្រុង នូវស្ថានកុងស៊ុល នាពេលខាងមុខឆាប់ៗនេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top