ក្រូអាត ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា មានករណីរញ្ជួយដីដ៏ខ្លាំង បានបន្តកើតឡើង នៅភាគកណ្តាល នៃប្រទេសក្រូអាត កាលពីថ្ងៃពុធ ដែលមានកម្រិតរញ្ជួយ៦,៤រ៉ិចទ័រ កើតឡើងដោយបំផ្លាញទីក្រុង និងភូមិមួយចំនួននៅចម្ងាយ ប្រមាណ៥០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃរដ្ឋធានី Zagreb បណ្តាលឲ្យស្លាប់០៧នាក់ និងពលរដ្ឋជាច្រើននាក់រងរបួស ។
មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដី នៅសហភាពអឺរ៉ុប-សមុទ្រម៉េឌីទែរ៉ាណេ (EMSC)បានរាយការណ៍ថា មានករណីរញ្ជួយចំនួន០២លើក គឺកម្រិត៤,៨រ៉ិចទ័រ និង៤,៧រ៉ិចទ័រ ក្នុងអំឡុងពេល១១នាទី កាលពីថ្ងៃអង្គារ ដែលការរញ្ជួយនេះបានកើតឡើង នៅមុនពេលថ្ងៃរះ នៅថ្ងៃពុធ ។
ការរញ្ជួយបានធ្វើឲ្យរំញ័រដល់រដ្ឋធានី ដែលរងការខូចខាត នៅក្នុងពេលរញ្ជួយដីលើកមុន ចាប់តាំងពីខែមីនា ។
លោក Ines Ivancic ប្រធានក្រុមការងារស្ទង់ទិន្នន័យ នៃការរញ្ជួយដីរបស់ប្រទេសក្រូអាត បានប្រាប់ដល់វិទ្យុជាតិកាលពីថ្ងៃពុធយ៉ាងដូច្នេះថា គ្រោះរញ្ជួយដីនឹងបន្តកើតឡើង នៅក្នុងតំបន់ដែលមានរយៈពេលវែងថែមទៀត ។
លោកនាយករដ្ឋមន្ត្រី Andrej Plenkovic បានថ្លែងនៅក្នុងអង្គប្រជុំថា ចំនួនអ្នកស្លាប់មាន០៧នាក់ ។ ពួកគេបានស្លាប់នៅក្រុង Petrinja, Majske Poljane និង Zazina ។ ការរញ្ជួយដីបណ្តាលឲ្យពលរដ្ឋ ចំនួន២៦នាក់បានរងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា