ព័ត៌មានជាតិ

កម្ពុជា ផ្ដល់ម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រ មួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជន នេប៉ាល់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាស ចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខ នេះ។

បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា តាមការគ្រោងទុក នៅថ្ងៃទី៤ មករា ខាងមុខនេះ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដំណើរដោយ លោកស្រី យក់ សម្បត្តិ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសរបស់កម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។

សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន ៖ ម៉ាស2000000 ,ម៉ាស N95 20000 ,វ៉ែនតា20000 ,អាវពេទ្យ20000 ,ម៉ាស៊ីនវាស់កម្តៅ200 ,របាំងមុខ20000 ,ឧបករណ៍ជំនួយដង្ហើម20 ,ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista 120 20 ,ម្សៅ Chloramine B 500 ,ស្បែកជើងកវែង 1000 ,សាប៊ូលាងដៃ 2000 និងម៉ាសក្រណាត់ 10000។

សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអំណោយ ជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេស ចំនួន៣រួចមកហើយ ក្នុងនោះ រួមមាន ៖ ឡាវ បានផ្តល់ម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ,មីយ៉ាន់ម៉ា ម៉ាសចំនួន២លាន និងសម្ភារៈវេចសាស្ត្រមួយចំនួន ,ទីម័រឡេស្ត ម៉ាសចំនួន ១លាន៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។ ហើយសម្រាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូនម៉ាសចំនួន២លាន ម៉ាសក្រណាត់ ចំនួន២ម៉ឺនម៉ាស និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជននេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

To Top