កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារទីចាត់ការ ១ខ្នង ទំហំ១១ គុណនឹងង៧,៧ម៉ែត្រ ស្ថិតនៅ ក្នុង សាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។
តានលោក មួង ស៊ីថាន នាយកសាលាបឋមសិក្សាទក្សិណ បានឲ្យដឹងថា ដោយ មានការ ឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ ទើបលោក ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្ដល់នូវអំណោយ អគារ ទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បី ជួយសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃ របស់លោកគ្រូ អ្នកគ្រូ ។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ទទួលបានទីចាត់រឹងមាំ សម្រាប់បំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ។ ទន្ទឹមនិងនោះ លោក អភិបាលខេត្ត ក៏បាន ធ្វើ ការ ណែនាំដល់ លោកនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឲ្យ ជួយតាមដាន លើការងារអនុវត្ត របស់ក្រុមជាង ឲ្យបានជាប្រចាំ ផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានអគារសិក្សា៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើង នៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប ។ ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ ៕