ព័ត៌មានជាតិ

រយៈពេល៤ថ្ងៃ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ១លាន ២៧ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្ត នាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកល សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។

របាយការណ៍ របស់ក្រសួងទេសចរណ៍បញ្ជាក់ថា សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

  • រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់
  • ខេត្តកំពត៖ ១៥២,១១៩ នាក់
  • ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់
  • ខេត្តកែប៖ ៨៧,៧៣៧ នាក់
  • ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់
  • ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់
  • ខេត្តកោះកុង៖ ៣១,៨៧៩ នាក់
  • ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់
  • ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។

ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុង នាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើន នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។

ក្រុមការងារ របស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មាន ភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍មួយចំនួន ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះក្រសួងទេសចរណ៍ នឹងបន្តការរៀបចំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។

ក្រសួងទេសចរណ៍បានបន្ថែមថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេ ក្នុងរយៈពេល៤ថ្ងៃនេះ។ រីឯការគ្រប់គ្រងសំរាម នៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួន មិនបានទុកសំរាមឲ្យបានត្រឹមត្រូវ ដោយទុកចោល នៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ ដែលមានការជួបជុំច្រើន ដូចជានៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្តជាដើម ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្ត បានខិតខំចាត់កម្លាំង ប្រមូលទុកដាក់សំរាមនេះនាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាព គោលដៅទេសចរណ៍ឡើយ៕

To Top