ព័ត៌មានជាតិ

គណបក្សហ៊្វុនស៊ិនប៉ិច ថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថ ព្រះមហាក្សត្រកម្ពុជា និងគាំទ្រ ចំណាត់ការរបស់តុលាការ ទៅលើ ទណ្ឌិត សម រង្ស៊ី។

សូមជម្រាបថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នាពេលថ្មីៗនេះ បាន សម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹង ការផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

ការចោទប្រកាន់ ធ្វើឡើងបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ឲ្យចាត់វិធានការ តាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះអង្គព្រះមហាក្សត្រ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលបង្ហោះសារតាម Facebook កាលពីថ្ងៃទី២០-១២-២០ និងការសម្ភាស ក្នុងវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី ២៩-១២-២០»។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកខ្លឹមសារដែលទណ្ឌិត សម រង្ស៉ី បានផ្សព្វផ្សាយ ជាសាធារណៈ តាមរយៈបណ្តាញ ផ្សព្វផ្សាយសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះព្រះរាជកិត្តិនាមរបស់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរ។

គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា «ការកាត់ទោសទណ្ឌិតសមរង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំទៀត ពីបទប្រមាថ ព្រះមហាក្សត្រ ពិតជាត្រឹមត្រូវ»។

ជាងនេះទៅទៀត គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការបញ្ជាក់ ជូនជនរួមជាតិ នូវការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ ការពាររបបរាជានិយម និងព្រះរាជបល្ល័ង្ក ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top