ភ្នំពេញ៖ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់ នាចុងឆ្នាំ២០២១ខាងមុខ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់ មុនដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងព័ត៌មាន។
លោក ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជា ឲ្យសាងសង់ព្រលានយន្តហោះ កាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោង ក្នុងការធ្វើឲ្យប្រសើរឡើង ដើម្បីឈានទៅដល់ការចរចារវាង ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ហើយឈានទៅដល់កិច្ចព្រមព្រៀងសម្បទាន ទើបឈានទៅដល់ការសាងសង់ ព្រលានយន្ដហោះ។
លោក បន្ដថា ការចរចានេះ ត្រូវចំណាយពេលវេលាប្រមាណ ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ទើបអាចដំណើរការសាងសង់បាន។
លោកបញ្ជាក់ថា «ពីពេលនេះរហូតដល់ចុងខែ៨ ទើបយើងទទួលបានលទ្ធផល ហើយបន្ទាប់មក នៅធ្វើកិច្ចព្រម ព្រៀងសម្បទាន ឈរទៅលើអ្វីដែលបានអនុវត្តកន្លងមក ដាក់ចូលក្នុងកិច្ចព្រមព្រៀងនោះ ទាំងសិក្សា ទាំងសំណើ និងសំណូមពរ ដាក់ចូលក្នុងកិច្ចព្រមព្រៀងសម្បទាននេះ ហើយយើងចាប់ផ្ដើមសាងសង់បាន អ៊ីចឹងការសាងសង់យើងរំពឹងទុកថា នៅចុងឆ្នាំ២០២១នេះ»។
ជាងនេះទៅទៀត រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឲ្យដឹងទៀតថា នៅពេលដែលព្រលានយន្តហោះថ្មី សាងសង់រួចរាល់នឹងផ្ដល់ផលប្រយោជន៍ ជាច្រើនដល់វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេស ការធ្វើដំណើរកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ។ម្យ៉ាងទៀត មណ្ឌលគិរី ជាខេត្តមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ។
សូមរំលឹកថា ព្រលានយន្តហោះថ្មី ក្នុងខេត្តមណ្ឌលគិរី គ្រោងសាងសង់ជាប្រភេទ៤C គ្រោងសាងសង់លើផ្ទៃដី ជាង៣០០ហិកតា មានចម្ងាយជាង២០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ដែលគ្រោងចំណាយថវិកា ជិត១០០លានដុល្លារ ក្នុងការសាងសង់៕