ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកអង្គការ UNDP ជាដៃគូការងារ ដ៏រឹងមាំ និងធ្វើការងារ មិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោង បោសសម្អាតមីន។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក លី ធុជ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានា នៃការអនុវត្តគម្រោងបោសសម្អាត មីន ដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ការអនុវត្តគម្រោងនេះ បានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាពប្រមាណ ២៥៤ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផល ជាង១លាននាក់ ។
លោកបញ្ជាក់ថា «ខ្ញុំបានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រដល់ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ទាំងផ្នែកថវិកា សម្ភារៈ និងការផ្តល់ប្រឹក្សាបច្ចេកទេស ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០០៦»។
លោកអំណរគុណ ចំពោះការបន្តគាំទ្រដ៏សប្បុរសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ដោយប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីចូលរួមការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។
ការគាំទ្ររួមគ្នារបស់ម្ចាស់ជំនួយ និងអង្គការ UNDP ត្រូវបានវាយតម្លៃខ្ពស់ ដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីន ដែលការប្តេជ្ញាចិត្តនេះ គឺមានសារៈសំខាន់ណាស់ ក្នុងខណៈពេលដែលយើងទាំងអស់គ្នា បន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង និងគោលដៅរួមគ្នា ឆ្ពោះទៅរកការសម្រេចបាននូវកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥ ។
ទោះបីជាជួប វិបត្តិ ជំងឺរាតត្បាត Covid-19 ក៏ប្រតិបត្ដិការបោសសម្អាតមីននៅកម្ពុជា បានបន្តដោយជោគជ័យ និងដោយសុវត្ថិភាព៕