ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្ដូរឈ្មោះសួនកុមារ ទៅជាសួនកុមារសន្តិភាព និងធ្វើការកែលម្អរសោភ័ណភាពឡើងវិញ

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីមាន កិច្ចប្រជុំពិភាក្សាអំពីគម្រោងកែលម្អរសួនកុមារនេះ និងកន្លែងកម្សាន្តមួយចំនួនទៀត ក្នុងក្រុងកំពង់ចាម បានសម្រេច ធ្វើការកែលម្អសួនកុមារឡើងវិញ ដើម្បីបង្កើនសោភ័ណភាពឱ្យមានការទាក់ទាញ នឹងប្ដូរឈ្មោះទៅជា សួនកុមារសន្តិភាពវិញ ។

លោកអភិបាលខេត្តបានលើកឡើងថា សួនកុមារមានផ្ទៃដីជិត ១០.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅ ខាងមុខសាលាខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះសួនខាងលើ ពុំទាន់មានសោភ័ណភាពគួជាទីទាក់ទាញ និងប្រកបទៅដោយស្តង់ដារនៅឡើយទេ។

ហេតុដូច្នេះហើយ រដ្ឋបាលខេត្តបានសម្រេចធ្វើការកែលម្អរ នូវចំណុចដែលខ្វះខាត នៃសួនកុមារនេះ ដើម្បីធ្វើឲ្យមានសោភ័ណភាពល្អ ទំនើបទាន់សម័យ នឹងអាចទទួលបានការទាក់ទាញ ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងកំពង់ចាមផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយកិច្ចប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ផងនោះ រដ្ឋបាលខេត្តកំពង់ចាម សម្រេចកែឈ្មោះ”សួនកុមារ” ទៅជា “សួនកុមារសន្តិភាព” ៕

To Top