បរទេស៖ យន្តហោះចារកម្ម របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការហោះហើរពីលើ ប្រទេសកូរ៉េខាងត្បូង ក្រោយពេលមួយថ្ងៃបន្ទាប់ពីសមាជបក្សលើកទី៨ របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារតាមដាន អាកាសចរណ៍អនឡាញមួយ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង MBN និងទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញមាន មូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះ No Callsign បានបង្ហាញរូបភាពនៃការហោះហើរ ជាក់ស្តែងរបស់យន្តហោះ EP-3E Aries II ដែលជាយន្តហោះសង្គ្រាមអេឡិកត្រូនិក និងចារកម្ម។
យន្តហោះនោះ តាមសេចក្តីរាយការណ៍ បានហោះហើរពីលើទីក្រុង Hongcheon ខេត្ត Gangwon កាលពីម៉ោង១២និង៤១នាទីថ្ងៃត្រង់ ហើយក្រៅពីនោះ វាក៏បានហោះហើរពីលើទីក្រុង Hwaseong ខេត្ត Gyeonggi ផងដែរ នៅមុនពេលហោះទៅ លិចឆ្ពោះទៅកាន់សមុទ្រខាងលិច៕
ប្រែសម្រួល៖ ប៉ាង កុង