សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួនក្នុង ការការពារប្រជាជនរបស់ខ្លួន នៅក្នុងសមាជគណបក្សដ៏កម្រមួយ ខណៈប្រទេសនេះ កំពុងជាប់គាំងកិច្ចចរចា នុយក្លេអ៊ែរជាមួយអាមេរិក។
ទោះយ៉ាងណាលោកគីម ជុងអ៊ុន មិនបានប្រើពាក្យបង្ក ហេតុដូចជាអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់សង្គ្រាម ដែលអ្នកជំនាញខ្លះយល់ថា មានចេតនាជៀសវាងភាពតានតឹង កើនឡើងដូចដែលលោកបាន រាយការណ៍ទៅសម័យប្រជុំលើកទី២ នៃសមាជលើកទី៨ នៃគណបក្សពលករកំពុង កាន់អំណាចកាលពីថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយថា លោកបានបញ្ជាក់ពីឆន្ទៈដ៏សំខាន់មួយ ដើម្បីការពារសន្តិសុខដល់ប្រទេស និងប្រជាជន និងបរិយាកាសសន្តិភាព នៃការស្ថាបនាសង្គមនិយម ដោយដាក់សមត្ថភាពការពាររដ្ឋ នៅកម្រិតខ្ពស់ជាងនេះ ៕
ដោយ ឈូក បូរ៉ា