បច្ចុប្បន្នភាព
CNN បានចុះផ្សាយ នៅថ្ងៃអាទិត្យ ទី១០ ខែមករានេះថា លោក ដូណាល់ ត្រាំ កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ក្នុងដំណាក់កាលចុងក្រោយ នៃការកាន់តំណែងជាប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក ដោយសាររឿងអាស្រូវ និងរឿងអាម៉ាស់ផ្ទួនៗគ្នា ។
រឿងអាស្រូវ និងរឿងអាម៉ាស់ របស់លោក ត្រាំ ដែលបានកើនឡើងផ្ទួនៗគ្នា ចុងក្រោយនេះ គឺរឿងចាញ់ឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា រឿងអំពើហិង្សា នៅវិមានកាប់ពីតូល និងរឿងចោទប្រកាន់ទម្លាក់ លោកចេញពីតំណែង មុនពេលបញ្ចប់អាណត្តិនៅថ្ងៃទី២០ ខែមករានេះ ។
រឿងទាំង៣ខាងលើនេះ កំពុងជាសម្ពាធ ដ៏ធ្ងន់ធ្ងរលើលោក ត្រាំ និងចោទជាសំនួរថា តើលោក ដូណាល់ ត្រាំ ចង់ចាកចេញពីតំណែង មុនពេលបញ្ចប់អាណត្តិ ដោយខ្លួន ឬចង់អោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាបណ្តេញលោកចេញពីតំណែងមុនបញ្ចប់អាណត្តិ ?
រឿងចាញ់ឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ គឺជារឿងអាម៉ាស់មួយទៅហើយសម្រាប់លោក ត្រាំ ដោយសារតែប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗវាយប្រហារលើលោក ចូ បៃដិន ដែលជាគូរប្រជែង ។
ក្នុងយុទ្ធនាការ ឃោសនា រកសម្លេងឆ្នោត លោក ត្រាំ បានហៅលោក ចូ បៃដិន ដែលជាបេក្ខជន ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ថាជាមនុស្សញៀនថ្នាំ និងបានទាមទារ ដោយចំអក អោយលោក ចូ បៃដិន ទៅពិនិត្យគ្រឿងញៀន ជាបន្ទាន់ ។
លោក ត្រាំ បាននិយាយចំអក អោយលោក ចូ បៃដិន ថាជាបេក្ខជនប្រធានាធិបតី អន់បំផុត ដែលលោកមិនដែលធ្លាប់ជួប ដោយបេក្ខជន ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ រូបនេះ គ្មានប្រាជ្ញា ចរិកទុយមុយ និងគ្មានសមត្ថភាព ទាល់តែសោះ ។
ដែលថាចាញ់ឆ្នោត ជារឿងអាម៉ាស់ របស់លោក ត្រាំ គឺដោយសារពាក្យរិះគន់ និងចំអកអោយលោក ចូ បៃដិន ទាំងប៉ុន្មានរបស់លោក ត្រាំ គឺធ្លាក់ទៅលើលោក ត្រាំ វិញ ដោយសារលោក ត្រាំ ចាញ់ទាំងមនុស្សញៀនថ្នាំ និងចាញ់ទាំងមនុស្សទុយមុយ និងចាញ់ទាំងមនុស្សគ្មានសមត្ថភាពទៅទៀត ដែលលោក ត្រាំ ខ្លួនឯងគឺជាមនុស្សអន់ជាងគេ បំផុតលើពិភពលោកនេះ ក្នុងឋានៈជាប្រធានាធិបតី របស់សហរដ្ឋអាមេរិក ។
រឿងអាម៉ាស់ទី២ របស់លោក ត្រាំ គឺប្រធានាធិបតី ចាញ់ឆ្នោតរូបនេះ បានចាញ់ឆ្នោតរួចហើយ នៅតែមិនព្រមទទួលយក បរាជ័យរបស់ខ្លួននោះទេ ថែមទាំងបញ្ឆេះអោយ មានអំពើហិង្ សានៅវិមានកាប់ពីតូល កាលពីថ្ងៃទីពុធ ទី៦ ខែមករានេះទៀត ។
ដោយសារការញុះញង់ របស់លោក ត្រាំ ក្រុមបាតុករគាំទ្រលោក បានសម្រុកចូលទៅក្នុងវិមានកាប់ពីតូលកាលពីថ្ងៃពុធ ទី៦ ខែមករានេះ ដែលបង្ករអោយមានអំពើហិង្សាបណ្តាលអោយមនុស្ស៥នាក់បានបាត់បង់ជីវិត ដែលក្នុងនោះមានប៉ូលីសម្នាក់ និងជនស៊ីវិល៤នាក់ ។
វិមានកាប់ពីតូល ជាទីតាំងសំខាន់បំផុត ជាតំណាងអោយលទ្ធិប្រជាធិបតេយ្យ និងជាទីតាំងតំណាងអោយការគោរពសិទ្ធិមនុស្ស ប៉ុន្តែលោក ត្រាំ បានបំផ្លាញកិត្យានុភាពរបស់សហរដ្ឋអាមេរិក ដោយញុះញង់អោយក្រុមបាតុករចូលទៅបំផ្លាញទីតាំងនេះ ។
ពេលវេលាដែលក្រុមបាតុករគាំទ្រលោក ត្រាំ បានចូលទៅក្នុងវិមានកាប់ពីតូល គឺជាអំឡុងពេលដែលសមាជិកសភា និងព្រឹទ្ធសភាកំពុងបើកកិច្ចប្រជុំពេញអង្គ ដើម្បីរាប់សន្លឹកឆ្នោតសម្រេចក្នុងការជ្រើសរើសប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក ។
អ្នកនយោបាយជាច្រើនរបស់សហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើមិនមានការនិយាយញុះញង់ ឬការលើកទឹកចិត្តពីលោក ដូណាល់ ត្រាំ ទេ អំពើហិង្សានៅវិមានកាប់ពីតូលនឹងមិនអាចកើតឡើងបានទេ គឺអំពើហិង្សានេះបានកើតឡើងដោយសារលោក ត្រាំ ។
រឿងអាម៉ាស់ទី៣របស់លោក ត្រាំ គឺលោកស្រី ណាន់ ប៉ែឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាក្នុងអាណត្តិរបស់លោក ត្រាំ និងអាណត្តិថ្មី ខាងមុខនេះ បានរៀបចំ ពាក្យចោទប្រកាន់រួចហើយ ក្នុងការបណ្តេញប្រធានាធិបតី ជិតផុតអាណត្តិរូបនេះ ចេញពីតំណែង នៅថ្ងៃចន្ទ ទី១១ ខែមករានេះ មុនថ្ងៃបញ្ចប់អាណត្តិ នៅថ្ងៃទី២០ ខែដដែលនេះ ។
បទចោទប្រកាន់ទម្លាក់ តំណែងលោក ត្រាំ មុនកាលកំណត់ របស់លោកស្រី ណាន់ស៊ី ប៉ែឡូស៊ី ត្រូវបានធ្វើឡើង ដោយយោងទៅតាមវិសោធនកម្ម លើកទី២៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលមានចែង ពីការទម្លាក់តំណែង ប្រធានាធិបតី ។
រឿងអាស្រូវ និងអាម៉ាស់ខាងលើនេះ គឺជាសម្ពាធ និងបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់លោក ត្រាំ ដែលត្រូវសម្រេចចិត្តជាបន្ទាន់ ថាតើត្រូវលាលែងចេញ ពីតំណែង ឬក៏ត្រូវរង់ចាំសមាជិកសភា និងព្រឹទ្ធសភា នឹងបណ្តេញចេញ ពីតំណែងនៅសប្តាហ៍ក្រោយនេះ ។
ដើមចមនាំអោយកើតរឿង
ដើមចម ដែលនាំអោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក ទទួលរងសម្ពាធ ដោយសាររឿងអាស្រូវ និងរឿងអាម៉ាស់ ទាំង៣ចំណុចខាងលើនេះ គឺដោយសារលោក ត្រាំ មើលស្រាលលើស្ថានការណ៍ និងមើលស្រាលអ្នកដទៃខ្លាំងពេក ។
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា លោក ត្រាំ ចាញ់ឆ្នោតជាសម្ពាធ និងជាភាពឯកោមួយទៅហើយ ប៉ុន្តែក្រោយមក ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានបន្ថែមរឿងអាក្រក់២ទៀត វាធ្វើអោយរឹងរឹតតែអាក្រក់ឡើង ។
ដំណាក់កាលចុងក្រោយនេះ លោក ត្រាំ មិនត្រឹមតែឯកោទេ ប្រធានាធិបតីរូបនេះ ថែមទាំងទទួលរងសម្ពាធយ៉ាងខ្លាំងថែមទៀត ដោយទូលរែកនូវរឿងអាម៉ាស់ និងអាប់អោយ៣ចំណុចសំខាន់ ដែលពិបាកនឹងទទួលយក ។
តំណែងប្រធានាធិបតី គឺត្រូវបាត់បង់១០០%ហើយ អំណាចត្រូវបាត់បង់១០០%ហើយ និងមនុស្សជំនិតភាគច្រើន របស់លោក ត្រាំ ក៏ចាប់ផ្តើមបោះបង់ ប្រធានាធិបតីរូបនេះ ចោលម្នាក់ម្តងៗដែរ ដែលធ្វើអោយលោក ត្រាំ កំពុងតែលតោល ម្នាក់ឯង ៕
ដោយ៖ អ៊ី ជិន