ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ អគារស្នាក់នៅ កុមារពិការ នៅវិទ្យាល័យអប់រំ ពិសេសកំពង់ចាម

កំពង់ចាម ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំ ពិសេសកំពង់ចាម ខេត្តកំបពង់ចាម។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សចំនួន១៧២នាក់ ស្រី៧៣នាក់ ក្នុងនោះមានសិស្សពិការភ្នែកសរុបចំនួន៥៥នាក់ ស្រី២៥នាក់ សិស្សគថ្លង់ សតុប១១៧នាក់ ស្រី៤៩នាក់។

បើតាមលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងដែរថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្សសរុប ៣លាន ៥សែននាក់ ដោយក្នុងនោះមានសិស្សស្រី ៤០ភាគរយ។ ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មី ក្នុងស្ថានភាពសង្គមនៅញ៉ាំញី ដោយជំងឺកូវីដ១៩ នៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំ ប្រកបដោយភាពល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានថ្លែងកោតសរសើរចំពោះ អាជ្ញាធរខេត្តកំពង់ចាម ជាពិសេសថ្នាក់ដឹកនាំសាលាអប់រំពិសេស ក្នុងការបង្ហាត់បង្រៀន សិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក និងបានចូលរួមទប់ស្កាត់ មិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ដោយការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានក្រសួងសុខាភិបាលជាសេនាធិការ បានមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ទទួលលទ្ធផលមានអ្នកឆ្លងជំងឺនេះ ចំនួនតិចតួចប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ដូចបណ្ដាប្រទេសធំៗ ដែលមានបច្ចេកវិទ្យាទំនើបនោះឡើយ ។

ជាមួយគ្នានោះដែរ ក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមចំណែកយ៉ាង សកម្មអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវការណែនាំរបស់សម្ដេចតេជោ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ បង្ការ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដោយមិនមានឲ្យឆ្លងរាលដាល ដល់និស្សិតយើងឡើយ ៕

To Top