បរទេស ៖ កូរ៉េខាងត្បូង បានចាប់ផ្តើមកសាង “ទីក្រុងវៃឆ្លាត” ដ៏ចម្បងមួយនៅកំពង់ផែប៊ូសាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជាទីដែលសំណងហេដ្ឋា រចនាសម្ព័ន្ធទាំងអស់ នឹងត្រូវបានរក្សាទុក និងគ្រប់គ្រង ដោយផ្អែកលើទិន្នន័យធំៗ ដែលប្រមូលបាន តាមរយៈប្រព័ន្ធចាប់សញ្ញា ភ្ជាប់អ៊ីនធឺណេត។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានចូលរួមក្នុងពិធីដ៏ធំ សម្រាប់ទីក្រុងវៃឆ្លាតដី សណ្ដសេដ្ឋកិច្ចប៊ូសាននោះ រួមជាមួយនឹងថ្នាក់ដឹកនាំ អាស៊ានជាច្រើនទៀត នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន និងសាធារណរដ្ឋកូរ៉េ នៅក្នុងទីក្រុងនោះ។
គួរបញ្ជាក់ថា យោងតាមការចេញផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង មានបទពិសោធន៍ជាច្រើន នៅក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងនានា ដូចជាទីក្រុងប៊ូសាន ដែលមានចំនួន ប្រជាជនកើនឡើងពី២០.០០០នាក់ ក្នុងឆ្នាំ១៩៤៥ មកដល់ចំនួន៣,៥លាននាក់ នៅក្នុងពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ប៉ាង កុង