ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា មកស្វែងយល់ បទពិសោធន៍ ការវិនិយោគ របស់ជនជាតិចិន នៅព្រះសីហនុ

ភ្នំពេញ ៖ លោកស្រីណ ស៊ូ សាណា ឡាឡាសូ (Naw Susanna HlaHla Soe) សមាជិកសភា នៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទីទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើដំណើរ ទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីបទពិសោធន៍ នៃការវិនិយោគ របស់ជនជាតិចិន នៅខេត្តព្រះសីហនុ ។

ឆ្នាំ២០១៧ មីយ៉ាន់ម៉ា បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ការវិនិយោគផែ្នក សេដ្ឋកិច្ចចិន (CMEC) ក្នុងចំណោម៣០គម្រោង ដែលបានដាក់ស្នើ មានតែគម្រោង៩ប៉ុណ្ណោះ ត្រូវបានអនុម័ត ។ គម្រោងសាងសង់តំបន់ សក្តានុពលសេដ្ឋកិច្ច ជាផ្នែកមួយ នៃគម្រោង ដែលបានអនុម័ត ក្នុងនោះមានគម្រោង Shwe KoKo ស្ថិតក្នុងតំបន់ Myawaddy ដែលតំបន់នេះជាតំបន់មានប្រជាជន ខារែន រស់នៅច្រើន។

ដោយសារគម្រោងនេះ មានការអភិវឌ្ឍន៍លឿន ទើបមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាល កសាងសន្តិភាព និងដោះស្រាយទំនាស់បានរៀបចំ ដំណើរទស្សនកិច្ចសិក្សា នៃថ្នាក់ដឹកនាំរដ្ឋខារែន មកកាន់កម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធន៍ នៃការវិនិយោគ របស់ជនជាតិចិន នៅព្រះសីហនុ ដោយសារតែខេត្តនេះ និងMyawaddy មានភាពស្រដៀងគ្នា ហើយជាតំបន់ដែលអ្នកវិនិយោគចិន បានដោះទុនវិនិយោគ លើការសាងសង់ អគារពាណិជ្ជកម្ម យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិមួយ យ៉ាងសំខាន់ ហើយជាខេត្តមានសក្តានុពល សេដ្ឋកិច្ចទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ មកកម្សាន្តតាមឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវគោក និងធនធានធម្មជាតិដ៏សំបូរបែប គម្រោងស្ថាបនា ផ្លូវល្បឿនលឿន តភ្ជាប់ខេត្តព្រះសីហនុ ជាមួយរាជធានីភ្នំពេញ ដែលនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២២ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ខ្សែប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ៕

To Top