បរទេស៖ ខេត្តរបស់ប្រទេសហ្វីលីពីនមួយ តាមសេចក្តីរាយការណ៍ បានលុបចោលការសម្រេចចិត្ត ផ្តល់គម្រោងកសាងអាកាសយានដ្ឋាន ១០ពាន់លានដុល្លារ ដល់ក្រុមហ៊ុនសម្ព័ន្ធមួយដឹកនាំ ដោយក្រុមហ៊ុនរដ្ឋចិន ធ្វើឲ្យប៉ះពាល់ដល់មហិច្ឆតា ហេដ្ឋារចនាសម្ព័ន្ធរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ និងចំពោះការផ្លាស់ប្តូរ គោលនយោបាយរបស់លោក ចំពោះទីក្រុងប៉េកាំង។
សម្ព័ន្ធនៃក្រុមហ៊ុនសំណង់ចិន China Communications Construction Co និងក្រុមហ៊ុនហ្វីលីពីន MacroAsia Corp គឺជាអ្នកដេញថ្លៃក្នុងពិធីដេញថ្លៃក្នុងឆ្នាំ២០១៩ ដើម្បីជួយដល់អភិបាលខេត្ត Cavite កែលម្អឲ្យប្រសើរឡើងនូវអាកាសយានដ្ឋាន Sangley ដែលនឹងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏ថ្លៃបំផុតមួយក្នុងប្រទេស។
អភិបាលខេត្ត Cavite លោក Juanito Victor Remulla បាននិយាយប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះថា ឯកសាររបស់សម្ព័ន្ធក្រុមហ៊ុននោះ គឺមានភាពមិនគ្រប់ជ្រុងជ្រោយក្នុងចំណុច ៣ឬក៏៤ចំណុច ហើយលោកបន្តថា “យើងបានឃើញវាជាសញ្ញាមួយបង្ហាញថា ពួកគេគ្មានការប្តេជ្ញាពេញលេញ” ៕
ប្រែសម្រួល៖ ប៉ាង កុង