ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ៖ ការលើកកម្ពស់សកម្មភាព ទេសចរណ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ គឺរួមចំណែកអភិរក្សធនធានធម្មជាតិ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ ជាមួយធម្មជាតិគឺបានរួមចំណែកអភិរក្សធនធានធម្មជាតិ ឲ្យកាន់តែរឹងមាំ។

ក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវិដេអូ ស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង» កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក សាយ សំអាល់ បានលើកឡើងថា នៅពេលប្រទេសកំពុងមានសុខ សន្តិភាពពេញលេញ ជាឱកាស នៃការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ប្រជាជនកម្ពុជា។

លោកបន្ដថា នៅពេលកម្ពុជាមានសុខសន្តិភាព នេះហើយ គឺបំផុសឲ្យប្រជាពលរដ្ឋ បានយល់អំពីសក្តានុពល តម្លៃ និងសម្រស់នៃធនធានធម្មជាតិរបស់កម្ពុជា និងមានឱកាសរីករាយផ្សារភ្ជាប់នឹងធម្មជាតិ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ការជំរុញលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ រួមចំណែកសំខាន់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ឲ្យកាន់តែរឹងមាំផងដែរ។ ហើយវាយតម្លៃខ្ពស់ចំពោះការលះបង់ របស់យុវជនទាំងអស់ដែល បានបង្ហាញពីទឹកចិត្តស្រឡាញ់ទឹកដី ស្រឡាញ់សន្តិភាព និងបានចូលរួមផ្សព្វផ្សាយបរិស្ថាន តាមរយៈការថតរូប និងផលិតវីដេអូស្អាតៗពីធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជាទៅកាន់ពិភពលោក»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីបរិស្ថាន ក៏បានលើកទឹកចិត្តឲ្យក្រុមទទួលបានជ័យលាភីនាពេលនេះ បន្តខិតខំចូលរួម ផ្សព្វផ្សាយបន្ថែមទៀត អំពីសម្រស់ធម្មជាតិស្រុកខ្មែរ ដើម្បី ជួយលើកកម្ពស់លើវិស័យ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ។ ជាមួយគ្នានេះ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ៕

To Top