នយោបាយ

សាលាក្តីខ្មែរក្រហម បើកសវនាការ ស្តាប់ទឡ្ហីករណ៍ ពីភាគីក្នុងសំណុំរឿង ០០៣ ទាក់ទងនឹង មាស មុត

ភ្នំពេញ ៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) បានចាប់ផ្តើមសវនាការ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង លោក មាស មុត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ទាក់ទិនសវនាការនេះ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក. បានលើកឡើងថា សវនការធ្វើឡើង ដើម្បីស្តាប់នូវអំណះអំណាង ដោយផ្ទាល់មាត់របស់ភាគី ពាក់ព័ន្ធនានាក្នុងសំណុំរឿង ០០៣ ដែលមាន មាស មុត ជា ជនត្រូវចោទ។

លោក នេត្រ ភក្ត្រា បានថ្លែងថា សវនាការនេះ មិនមែនជាសវនាការលើអង្គសេចក្តី ពិនិត្យលើភស្តុតាងឡើយ ប៉ុន្តែជាសវនាការលើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង ០០៣ ដែលភាគីពាក់ព័ន្ធនានាបានប្តឹងជំទាស់ នឹងដីកាដំណោះស្រាយ របស់សហចៅ ក្រមស៊ើបអង្កេត ដែលបានចេញនាពេលកន្លងទៅ។

សវនាការធ្វើឡើង ជាសាធារណៈនៅពេល ដែលចាប់ផ្តើមឧទ្ទេសនាមភាគី ក្នុងសំណុំរឿងជូនអង្គជំនុំជម្រះ ។ ក្រៅពីនេះ អង្គបុរេជំនុំជម្រះ ស្តាប់ទឡ្ហីករណ៍ពីភាគី នៅក្នុងសំណុំរឿង នៅក្នុងសវនាការសម្ងាត់វិញ។

លោក នេត្រ ភក្ត្រាថា សវនាការនឹងបន្តដំណើរការនៅថ្ងៃ ២៨-២៩ វិច្ឆិកា ទៀត អនុលោមទៅតាមដីកាកំណត់កាលវិភាគសម្រាប់សវនាការ ដែលបានចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា កាលដែលនាំឲ្យមានការបើកសវនាការស្តាប់ ទឡ្ហីករណ៍ក្នុងសំណុំរឿង ០០៣ នេះ ដោយសារ អ.វ.ត.ក បានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បណ្តឹងឧទ្ធរណ៍ដាក់ដោយ សហមេធាវីការពារក្តីឲ្យ មាស មុត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាដំណោះស្រាយ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣ ដែលបានចោទប្រកាន់ មាស មុត និងបណ្តឹងឧទ្ធរណ៍ដាក់ ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទ ប្រកាន់លើមាស មុត ដែលចេញដោយសហចៅក្រម ស៊ើបអង្កេតជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣៕ ដោយ ស សំណាង

To Top