BUENOS AIRES៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបរិស្ថាន របស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃដែលបានឆេះរាលដាល អស់រយៈពេលជាង ២សប្តាហ៍មកនេះ នៅ Cuesta del Ternero ស្ថិតក្នុងតំបន់ Patagonia ប្រទេសអាហ្សង់ទីន នៅមិនទាន់អាចគ្រប់គ្រង ស្ថានការណ៍នេះបាននៅឡើយទេ ។
លោក Sergio Federovisky អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិវឌ្ឍន៍និរន្តរភាព បានប្រាប់ដល់វិទ្យុ Provincia ថា អគ្គីភ័យ នៅក្នុងតំបន់ទេសចរណ៍ នៅ El Bolson ដែលស្ថិតនៅខេត្តភាគខាងត្បូង គឺខេត្ត Rio Negro “គឺបានពន្លត់ហើយ តែមិនទាន់អាចគ្រប់គ្រង ស្ថានការណ៍បាននៅឡើយទេ” ។
អគ្គីភ័យបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា បន្ទាប់ពីមានក្រុមគ្រួសារមួយបានដុតសាច់អាំង នៅចម្ងាយប្រមាណ ២-៣ម៉ែត្រពីព្រៃឈើនោះ និងមិនបានពន្លត់ភ្លើងឲ្យរលត់នោះទេ ដែលបង្កឲ្យមានការឆេះ រាលដាលពេញតំបន់តែម្តង ។
ទន្ទឹមនឹងនេះដែរ ក្រុមសេវាកម្មពន្លត់អគ្គីភ័យ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៃខេត្ត Rio Negro បានចង្អុលបង្ហាញថា តាមការប៉ាន់ប្រមាណតំបន់ដែលរងនូវផលប៉ះពាល់ “គឺប្រមាណជា៧.៥០០ហិកតា ហើយត្រូវបានគេយល់ឃើញថា មានការកកើតថ្មីនៃអគ្គីភ័យ” ។
កាលពីថ្ងៃសៅរ៍ រដ្ឋបាលខេត្ត Rio Negro បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន និងមានគ្រោះមហន្តរាយនៅក្នុងតំបន់ ដោយសារការខូចខាតបរិស្ថាន និងហានិភ័យដល់អ្នកស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា