ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញអះអាងថា ទោះផ្សារសេនជូរីផ្លាហ្សា ក្លាយជាផ្សារទំនើប ក៏មិនឲ្យអាជីវករ បាត់បង់មុខរបរ រាប់ទាំងអ្នកលក់ តាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ ក្នុងឱកាសចូល រួមពិធីបើកដំណើរការ ជាផ្លូវការការដ្ឋានសាងសង់ផ្សារ ទំនើបផ្លាហ្សាថ្មី លើទីតាំងចាស់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅចំពោះមុខអាជីវករជាង៥០០នាក់ និងក្រុមហ៊ុនវិនិយោគថា មិនឲ្យមានការថ្នាំងថ្នាក់ ជាមួយអាជីវករ នៅទីតាំងចាស់ បូករួមទាំងអ្នកលក់ លើចិញ្ចើមផ្លូវពីមុនឡើយ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “អាជីវករដែលលក់នៅតាមផ្សារនេះថា ល្គឹកណា ដែលខ្ញុំគ្មានទីតាំងឲ្យគាត់ (អាជីវករ) នោះទេ គឺគាត់នៅលក់ដដែល នេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយឲ្យជឿអ្នកធ្វើ កុំជឿអ្នកថា ជឿអ្នកធ្វើជឿអ្នកនៅជាមួយ មានរឿងអ្វីក៏ពួកខ្ញុំជួយ រាប់ទាំងសន្តិសុខ រាប់ទាំងការយាយី របស់ពួកដែលមានបំណងក្បត់ជាតិ មិនអាចគេចផុតពីអាជ្ញារធរ និងរាជរដ្ឋាភិបាលនោះទេ និយាយរួមទៅ មិនអាចគេចផុតពីកូនចៅតេជោសែននោះទេ ។

លោកអភិបាលឲ្យឲ្យក្រុមហ៊ុន សេនជូរីគ្រុប ពិនិត្យឡើងវិញលើរឿងនេះ ព្រោះបានប្រជុំហើយថា អ្នកលក់នៅលើផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញមិនដេញពួកគាត់ទេ លុះត្រាតែរដ្ឋបាលរាជធានីភ្នំពេញ រកទីតាំងជូនពួកគាត់លក់បាន ទើបធ្វើការផ្លាស់ប្តូរគាត់ ។

បើតាមការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ ក្នុងផ្សារសេនជូរីផ្លាហ្សា មានអាជីវករ៣ប្រភេទ ប្រភេទទី១ ជាប្រភេទផ្សាររដ្ឋ ដែលមាន៣៥០តូប ប្រភេទទី២ ជាប្រភេទផ្សារឯកជន ដែលមាន៣២៩តូប និងប្រភេទទី៣ ជាអ្នកលក់នៅជុំវិញផ្សារ ។

សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សា នឹងត្រូវប្រើពេលសាងសង់២៤ខែ ក្រោយបញ្ចប់នឹងបើកដំណើរការ។ ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារ សម្រាប់អាជីវករចូលមកលក់ដូរវិញនៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះតូបគ្រប់គ្រងដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជន ចំនួន៣២៩តូប៕ ដោយ ដារាត់

To Top