ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះបានឲ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់នឹងបណ្ដាលឲ្យ បណ្ដាខេត្តមួយចំនួននៅកម្ពុជា កើតមានខ្យល់កន្ត្រាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនិងរលកមានកម្ពស់មធ្យមនៅ
ខេត្តកោះកុង និងតំបន់ឆ្នេរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ព រស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនិងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម ៕